(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសកាណាដា បានបាត់បង់សត្វបក្សីជិត ៣ពាន់លានក្បាលចាប់តាំងពីឆ្នាំ១៩៧០។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ការបាត់បង់នេះបង្ហាញថា ជីវចម្រុះជាសកលកំពុងស្ថិតនៅក្នុងវិបត្តិ ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុជាចម្បង។ នេះបើតាមការដកស្រង់ផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។
ការសិក្សាស្រាវជ្រាវខាងលើដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានស្រាវជ្រាវចំនួន ០៧ នៅសហរដ្ឋអាមេរិក និងកាណាដា ត្រូវបានចេញផ្សាយនៅលើទស្សនាវដ្ដី Journal Science នៅក្នុងសប្ដាហ៍នេះ។ ការសិក្សាស្រាវជ្រាវនេះដដែល បានរកឃើញថាសត្វបក្សីសរុបច្រើនជាង ៣០០ប្រភេទនៅក្នុងសហរដ្ឋអាមេរិក និងកាណាដាបានធ្លាក់ចុះ ២៩ភាគរយ ឬស្មើនឹងចំនួនជិត ៣ពាន់លានក្បាលក្នុងរយៈពេលជិត ៥០ឆ្នាំមកនេះ។
គួរជម្រាបថា ខណៈសត្វបក្សីគឺជាសង្វាក់អាហារដ៏សំខាន់ និងជាផ្នែកមួយប្រព័ន្ធអេកូឡូស៊ីនៃពិភពលោក ដូច្នេះការធ្លាក់ចុះ ឬការបាត់បង់នេះបញ្ជាក់ថា ប្រព័ន្ធអេកូឡូស៊ី ឬជីវចម្រុះពិភពលោកកំពុងជួបវិបត្តិ។ ម្យ៉ាងវិញទៀត បើទោះជាក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ មិនបានបញ្ជាក់លម្អិតពីមូលហេតុដែល បណ្ដាលឱ្យចំនួនសត្វបក្សីដ៏ច្រើនលើសលប់នេះបាត់បង់ក៏ដោយ តែពួកគេបានសង្កត់ធ្ងន់ថា ការបាត់បង់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា គឺបង្កឡើងដោយការបាត់បង់ទីជម្រក និងការអភិវឌ្ឍសំណល់មូលដ្ឋាន។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ពិភពលោកទាំងមូលមានការជជែកដេញដោលជាខ្លាំង ជុំវិញរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានព្រមានខ្លាំងជាងមុនទៀតថា ផែនដីនឹងកើនឡើងកម្តៅលើសការរំពឹងទុកពីមុន បើសិនជាស្ថានភាពបំពុលបរិយាកាស ក្នុងកម្រិតដូចរាល់ថ្ងៃនេះមិនត្រូវបានកាត់បន្ថយ។ ប្រការនេះបាននាំឲ្យប្រទេសជាច្រើន មានការព្រួយបារម្ភ និងអំពាវនាវឲ្យប្រទេសទាំងអស់ ងាកមកគិតគូរឡើងវិញពីកិច្ចគារពារ និរន្តរភាពបរិស្ថានឲ្យបានខ្លាំងក្លាបំផុត៕