(ឡូសអាន់ជែឡេស)៖ យ៉ាងហោចណាស់ភ្ញៀវទេសចរចិន ០៤នាក់បាត់បង់ជីវិតនៅក្នុង គ្រោះថ្នាក់ក្រឡាប់រថយន្តក្រុងមួយគ្រឿង លើដងផ្លូវក្បែរឧទ្យានជាតិ ប្រាយស៍ ខេនយ៉ុន (Bryce Canyon) ក្នុងរដ្ឋយូតាហ៍ (Utah) ភាគខាងលិចសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។
អាជ្ញាធរល្បាតផ្លូវហៃវ៉េយ៍ប្រចាំរដ្ឋយូតាហ៍ (UHP) បានឲ្យដឹងថា រថយន្តក្រុងខាងលើនេះមានដឹកមនុស្សសរុប ៣០នាក់នៅមុនពេលកើតហេតុ ហើយក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍នោះ មនុស្ស០៤នាក់ (សុទ្ធតែជាជនជាតិចិន) បានស្លាប់, ១២-១៥នាក់រងរបួសធ្ងន់ធ្ងរ និង ១០រងរបួសស្រាល។ ស្ថានទូតចិនប្រចាំ សហរដ្ឋអាមេរិកក៏បានប្រកាសព័ត៌មានផងដែរថា រថយន្តក្រុងខាងលើនេះបានដឹកភ្ញៀវទេសចរចិន ទៅក្នុងតំបន់ឧទ្យាន Bryce Canyon ដែលស្ថិតនៅក្នុងសង្កាត់ ហ្គាហ្វៀល (Garfield)។
គួរបញ្ជាក់ថា ស្ថានទូតចិនបានអំពាវនាវឲ្យមន្ត្រីមានសមត្ថកិច្ច បញ្ជាក់បន្ថែមទៀតអំពី ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ និងជួយធ្វើការសង្គ្រោះបន្ទាន់ឲ្យបានដិតដល់ ចំពោះជនរងគ្រោះដែលកំពុងរងរបួសធ្ងន់ធ្ងរទាំងអស់។ បើតាមទំព័រ Facebook របស់ការិយាល័យប៉ូលិសអាមេរិក នៅសង្កាត់ Garfield រថយន្តក្រុងខាងលើនេះបានជួបគ្រោះថ្នាក់ កាលពីវេលាម៉ោង ១១៖៣៦នាទីព្រឹកថ្ងៃសុក្រ ដោយវាបានរអិល និងក្រឡាប់ប៉ុន្មានត្រឡប់គងលើបង្កាន់ដៃថ្នល់តែម្តង៕