(បរទេស)៖ បន្ទាប់ពីមានការវាយប្រហារមកលើ រោងចក្រផលិតប្រេងធំៗពីរកន្លែងរបស់ក្រុមហ៊ុនផលិតប្រេងយក្សអារ៉ាមកូ ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអារ៉ាបីសាអ៊ូឌីត នាពេលថ្មីៗនេះរួចមក បានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងមួយកម្រិត។ ដូច្នេះជាវិធានការទប់ទល់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យអាមេរិកបញ្ចេញប្រេងបម្រុងរបស់ខ្លួន ដែលស្កុកទុកក្រោមដីនោះយកមកប្រើប្រាស់ ដើម្បីទប់ទល់កុំឲ្យប្រេងឡើងថ្លៃខ្លាំងពេក។
តាមរយៈទំព័រ Twitter ផ្លូវការរបស់ខ្លួនលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ចេញប្រេងទំនុកបម្រុងមកប្រើប្រាស់ ដើម្បីរក្សាកម្រិតផ្គត់ផ្គង់ទីផ្សារប្រេង ឲ្យស្ថិតនៅស្ថានភាពល្អឡើងវិញ។ ដោយឡែកបរិមាណនៃប្រេងបម្រុងទុកត្រូវបានគេអះអាងថា មានចំនួនជាង ៦៤០ លានបារ៉ែល ដែលស្តុកនៅក្នុងរូងអំបិល ស្ថិតនៅរដ្ឋផ្លូរីដា, រដ្ឋតិចសាស់ (Taxas) និងរដ្ឋ ល្វីស្យាណា (Louisiana)។ ចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតឲ្យមាន ផែនការស្កុកប្រេងទុកនៅក្រោមដីបែបនេះ មានតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ។
ប្រទេសសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិទាំងអស់ ត្រូវតែរក្សាចំនួនប្រេងដែលអាចផ្គត់ផ្គង់ ដល់ការប្រើប្រាស់ខ្លួនឯងឲ្យបានយ៉ាងហោច ៩០ថ្ងៃ ខណៈសហរដ្ឋអាមេរិកគឺជាឃ្លាំងស្តុកប្រេង សម្រាប់គ្រាអាសន្នធំបំផុតរបស់ពិភពលោក។
* ហេតុអ្វីបានជាផែនការស្តុកប្រេងបម្រុងត្រូវបានបង្កើតឡើង?
អ្នកនយោបាយអាមេរិកកើតមានគំនិតស្តុកប្រេងទុកលើកដំបូងបង្អស់នៅដើមទសវត្សរ៍ទី ៧០ មកម្ល៉េះ បន្ទាប់ពីអាមេរិកបានរងការដាក់ទណ្ឌកម្មប្រេង ពីសំណាក់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដែលបានបណ្តាលឱ្យតម្លៃប្រេង ហក់ឡើងថ្លៃខ្ពស់កប់ពពកនៅជុំវិញពិភពលោក។
សមាជិកនៃអង្គការប្រទេសនាំចេញប្រេងអារ៉ាប់ ដែលហៅកាត់ថា OPEP ដែលរួមមានអ៊ីរ៉ង់ អ៊ីរ៉ាក់ កូវែត កាតា និងអារ៉ាប៊ីសាអ៊ូឌីត បានបដិសេធមិនព្រមលក់ប្រេងទៅឲ្យសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ដោយសារតែពួកគេបានលំអៀងទៅគាំទ្រអ៊ីស្រាអែល ក្នុងសង្គ្រាមអារ៉ាប់- អ៊ីស្រាអែល នៅខែតុលាឆ្នាំ១៩៧៣។ សង្រ្គាមនេះមានរយៈពេលត្រឹមតែ ៣ សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែការដាក់ទណ្ឌកម្មប្រេងទៅលើប្រទេសទាំងនោះ បានអូសបន្លាយបន្តរហូតដល់ខែមីនា ឆ្នាំ១៩៧៤។ ប្រការនេះបានធ្វើឱ្យតម្លៃកើនឡើងដល់ ៤ដងលើសតម្លៃដើមនៅទូទាំងពិភពលោក ពោលបានឡើងដល់ ១២ដុល្លារក្នុងមួយបារ៉ែល ខណៈពីមុននោះក្នុងមួយប៉ារ៉ែលមានតម្លៃប្រហែល ៣ដុល្លារប៉ុណ្ណោះ។
រូបភាពដែលគេនៅចាំមិនភ្លេចនៅពេលនោះ សម្រាប់សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ដែលបានទទួលរងទណ្ឌកម្មប្រេង គឺរថយន្តតម្រង់ជួរបន្តកន្តុយគ្នាស្ទើតែរាប់មិនអស់ នៅតាមស្ថានីយ៍ចាក់ប្រេងនិមួយៗ ដើម្បីរងចាំចាក់ប្រេង ខណៈអ្នកខ្លះរុញផងអូសផង ដោយសារគ្មានប្រេងឥន្ទនះប្រើប្រាស់។ សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ ស្តីពីគោលនយោបាយថាមពល និងការអភិរក្សវានៅឆ្នាំ១៩៧៥ ខណៈយុទ្ធសាស្រ្តស្តុកប្រេងបម្រុងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីការពារ និងឆ្លើយតបនូវរាល់បញ្ហាដែលអាចកើតឡើងជាយថាហេតុលើសន្តិសុខថាមពលអាមេរិក។
* តើអ្វីទៅជាឃ្លាំងស្តុកទុកប្រេងបំរុង?
បច្ចុប្បន្ននេះសម្រាប់សហរដ្ឋអាមេរិក មានស្ថានីយ៍ស្តុកប្រេងបម្រុងចំនួន ០៤កន្លែង មួយគឺនៅជិតតំបន់ Freeport នៃរដ្ឋផ្លូរីដា, ពីរនៅតំបន់ Winnie នៃរដ្ឋ Texas, ទីបីនៅជិតបឹង Charles នៃរដ្ឋ Louisiana និងទីបួននៅ Baton Rouge នៃរដ្ឋ Louisiana ដូចគ្នា។ កន្លែងស្តុកប្រេងនីមួយៗ សហរដ្ឋអាមេរិកបានសាងសងជាប្រភេទរូងភ្នំអំបិល ដោយមានជម្រៅមួយគីឡូម៉ែតចុះក្រោមដី ដើម្បីជាកន្លែងស្តុកប្រេងទុក។
វិធីសាស្រ្តនៃការថែរក្សាប្រេងទុកក្រោមដីបែបនេះ ត្រូវបានគេចាត់ទុកថាមានតម្លៃថោក និងមានសុវត្ថិភាពជាងការស្តុកវាទុកនៅលើផ្ទៃដី ពីព្រោះសមាសធាតុគីមីនៃអំបិល និងសម្ពាធភូមិសាស្រ្តក្រោមដីនឹងរារាំង មិនឲ្យប្រេងទាំងនោះជ្រៀបចេញក្រៅបាន។
កន្លែងស្តុកប្រេងទុក Brian Mond ដែលស្ថិតនៅជិតតំបន់ Freeport នៃរដ្ឋផ្លូរីដា ត្រូវបានគេចាត់ទុកថា ឃ្លាំងស្តុកប្រេងទុកធំជាងបំផុតរបស់សហរដ្ឋអាមេរិក។ វាមានសមត្ថភាពផ្ទុកប្រេងបានរហូតដល់ ២៥៤លានបារ៉ែលឯណោះ។ បើគិតត្រឹមថ្ងៃទី ១៣ ខែកញ្ញា កន្លងទៅនេះមានប្រេងចំនួន ៦៤៤.៨លានបារ៉ែល ត្រូវបានស្តុកទុកនៅក្នុងល្អាងភ្នំទាំងនោះ។
យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឲ្យដឹងថា ប្រជាជនអាមេរិកប្រើប្រាស់ប្រេងជាមធ្យម ២០.៥លានបារ៉ែលក្នុងមួយថ្ងៃ ដែលនេះមានន័យថា ប្រេងដែលស្តុកទុកក្រោមដីទាំងនោះ អាចមានលទ្ធភាពផ្គត់ផ្គង់ប្រជាជនអាមេរិកបានរយៈពេល ៣១ថ្ងៃ។
* តើល្អាងស្តុកប្រេងមប្រុងមានដំណើរការយ៉ាងដូចម្តេច?
នៅក្រោមច្បាប់ឆ្នាំ១៩៧៥ ដែលត្រូវបានចុះហត្ថលេខា ដោយអតីតប្រធានាធិបតីអាមេរិក លោក Gerald Ford បានអនុម័តយ៉ាងដូច្នេះថា ប្រធានាធិបតីអាមេរិកអាចអនុញ្ញាតឱ្យបញ្ចេញប្រេងបំរុងទុកទាំងនោះ យកមកប្រើប្រាស់បានក្នុងករណីណា ដែលមានការចំាបាច់ខ្លាំងបំផុតសម្រាប់ថាមពល។
ល័ក្ខខ័ណ្ឌនៃការបញ្ចេញប្រេងមកប្រើប្រាស់បានកំណត់ថា មានតែប្រេងតិចតួចប៉ុណ្ណោះ ដែលអាចដឹកចេញពីល្អាងភ្នំទាំងនោះជារៀងរាល់ថ្ងៃ។ ដូច្នេះវាមានន័យថា ទោះបីមានការបញ្ជាពីអាជ្ញាធរប្រធានាធិបតី ឱ្យបញ្ចេញប្រេងមកប្រើប្រាស់ក៏ត្រូវចំណាយពេលរហូតដល់ ០២សប្តាហ៍ដែរ ទើបអាចឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិបាន។
លើសពីនេះទៅទៀត ប្រេងដែលស្តុកក្នុងល្អាងភ្នំទាំងនោះ មិនមែនសុទ្ធតែត្រូវបានគេចម្រាញ់ស្រេចទាំងស្រុងទេ។ ដូច្នេះគេក៏ត្រូវការពេល និងថាមពលបន្ថែមទៀត ដើម្បីកែច្នៃប្រេងទាំងនោះ ទៅជាប្រេងឥន្ធនៈដែលសមស្របសម្រាប់ ការប្រើប្រាស់នៅក្នុងឡាន នាវា និងយន្តហោះបាន។ រដ្ឋមន្រ្តីក្រសួងថាមពលអាមេរិក លោក Rick Perry បានប្រាប់ CNBC យ៉ាងដូច្នេះថា «វាជាការឆាប់រហ័សបន្តិចក្នុងការនិយាយអំពីការពឹងផ្អែក លើការប្រើប្រាស់ប្រេងបម្រុង បន្ទាប់ពីការវាយប្រហារលើអារ៉ាប៊ីសាអូឌីត»។
* តើប្រេងស្តុកទុកក្នុងល្អាងភ្នំទាំងនោះ ធ្លាប់បានបញ្ចេញមកប្រើប្រាស់ពីមុនមកទេ?
ប្រេងបម្រុងទាំងនោះ ត្រូវបានគេបញ្ចេញមកប្រើប្រាស់បីដងរួចមកហើយ។ លើកចុងក្រោយគេក្នុងឆ្នាំ២០១១។ នៅពេលនោះតំបន់មជ្ឈiមបូព៌ា ដែលជាម្ចាស់ផ្គត់ផ្គង់ប្រេងធំបំផុតរបស់ពិភពលោក មានភាពរំជើបរំជួលយ៉ាងខ្លាំង ដែលបណ្តាលមកពីផ្ទុះឡើង នៃសកម្មភាពបះបោរពាសពេញតំបន់ ដែលគេឲ្យឈ្មោះថា «Arab Spring»។ ប្រការនេះបានធ្វើឲ្យការផ្គត់ផ្គត់ប្រេងក្នុងទីផ្សារអន្តរជាតិ បានជួបបញ្ហារអាក់រអួលខ្លះ។ ដូច្នេះសហរដ្ឋអាមេរិកនៅពេលក៏បានសម្រេចចិត្ត បញ្ចេញប្រេងបំរុងខ្លះរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានោះផងដែរ។
អតីតប្រធានាធិបតីអាមេរិក លោក George Bush បានអនុញ្ញាតឱ្យប្រើប្រាស់ប្រេងបំរុងទាំងនោះជាលើកដំបូង ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រ ឆ្នាំ១៩៩១ ខណៈកូនប្រុសរបស់លោក ដែលជាប្រធានាធិបតីទី ៤៣ គឺលោក George W. Bush ក៏បានអនុញ្ញាតឱ្យបញ្ចេញប្រេងចំនួន ១១លានបារ៉ែលបន្ទាប់ពីប្រទេសនេះ បានទទួលរងព្យុះសង្ឃរាកាទ្រីណាផងដែរ។
ទោះជាមានការបកស្រាយច្រើនយ៉ាងណា នៅតែមានសំនួរចោទសួរដដែលថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក នៅតែរក្សាទុកប្រេងបម្រុងដ៏ច្រើនបែបនេះ ខណៈផលិតកម្មថាមពលរបស់ខ្លួនកំពុងកើនឡើង? ដោយអ្នកខ្លះបានទាំងផ្តល់អនុសាសន៍ថា គួរតែលុបបំបាត់វាចោលទាំងស្រុងទៅ។ តាមរបាយការណ៍មួយនៅឆ្នាំ២០១៤ របស់ការិយាល័យគណនេយ្យរដ្ឋាភិបាលហៅកាត់ថា GAO បានលើកឡើងពីបញ្ហានេះថា វិធានការណ៍នេះអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ សម្រាប់អ្នកប្រើប្រាស់អាមេរិក៕
ប្រភព៖ សារព័ត៌មានគុយវ៉ែត Aljarida និងអង់គ្លេស BBC (ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩)
ប្រែសម្រួល៖ គ្រីមទៀត