(វ៉ាស៊ីនតោន)៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានជួបពិភាក្សាការងារជាលក្ខណៈបិទទា្វរ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមាជិសភាអាមេរិកជាច្រើននាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្សមួយនេះ កំពុងដោះស្រាយបញ្ហា ជាពិសេសគឺរឿងលេចធ្លាយព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។
ក្រោយជំនួបបិទទ្វារនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានអះអាងផងដែរថា ជំនួបជាមួយលោក Zuckerberg មានភាពស្និទ្ធស្នាល និងជាជំនួបដ៏ល្អ តែមិនបានបញ្ជាក់អ្វីលម្អិតអ្វីលើសពីនេះឡើយ។ ប៉ុន្តែសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ មកពីគណបក្សសាធារណរដ្ឋ លោក ចូស ហរឡី (Josh Hawley) បានឱ្យដឹងថា លោកបានស្នើឱ្យស្ថាបនិកក្រុមហ៊ុន Facebook ធ្វើរឿងពីរយ៉ាងដើម្បីបង្ហាញថា Facebook មានភាពប្រាកដប្រជាក្នុងការដោះស្រាយ ភាពលម្អៀង ការរក្សាសិទ្ធិឯកជន និងការប្រកួតប្រជែងដោយស្មោះត្រង់។
លោក Hawley បានគូសបញ្ជាក់នៅក្នុងសារបង្ហោះលើ Twitter ដូច្នេះថា «ខ្ញុំបានជួបសន្ទនាដោយស្មោះត្រង់ជាមួយលោក Mark Zuckerberg ដោយស្នើគាត់ធ្វើរឿងពីរយ៉ាងដើម្បីបង្ហាញថា Facebook គ្មានភាពលម្អៀង រក្សាសិទ្ធិឯកជន និងមានការប្រកួតប្រជែងដោយស្មោះត្រង់ នោះគឺទីមួយ៖ លក់ WhatsApp និង Instagram ហើយទីពីរគឺដាក់ជូនទៅកាន់អង្គភាពឯករាជ្យនូវសវនកម្មភាគី និងទីបីស្ដីពី censorship (ការបិទមាតិការអ្វីមួយ)»។ ប៉ុន្តែលោក Zuckerberg បានឆ្លើយតបទៅលោក Hawley វិញយ៉ាខ្លីថា វាមិនមែនជាគំនិតល្អឡើយ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះក្រុមហ៊ុន Facebook ត្រូវបានគណៈកម្មាការសហព័ន្ធពាណិជ្ជកម្មអាមេរិក ផាកពិន័យជាប្រាក់ជាង ៥ពាន់លានដុល្លារ ដោយសារតែបណ្ដោយឱ្យក្រុមហ៊ុនអង់គ្លេស Cambridge Analytica ប្រើប្រាស់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់រាប់សិបលាននាក់ នៅក្នុងចេតនានយោបាយ៕