Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តៃវ៉ាន់បាត់បង់សម្ព័ន្ធមិត្តមួយទៀតហើយ ដោយនាពេលនេះនៅសល់តែ១៥ប្រទេសប៉ុណ្ណោះ (Video inside)

20-09-2019 14:43

(តៃប៉ិ)៖ នាថ្ងៃសុក្រនេះ កោះតៃវ៉ាន់បានឲ្យដឹងថា ខ្លួនបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយប្រទេស Kiribati ដែល​ស្ថិតនៅតំបន់ប៉ាស៊ីហ្វិក ដែលប្រការនេះធ្វើឲ្យសម្ព័ន្ធមិត្តរបស់តៃវ៉ាន់នៅសល់តែ១៥ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ទីក្រុងតៃប៉ិបានសម្រេចកាត់ផ្តាច់ទំនាក់ទំនង​ការទូតរបស់ខ្លួនជាមួយប្រទេស Kiribati ហើយ ហើយនឹងបិទស្ថានទូតតៃវ៉ាន់នៅទីនោះភ្លាមៗតែម្តង។ ការសម្រេចធ្វើបែបនេះ គឺបន្ទាប់ពីមានដំណឹងថា ទីក្រុងប៉េកាំងកំពុងតែព្យាយាមបញ្ចុះបញ្ចូលឲ្យ Kiribati បោះបង់ចោលតៃវ៉ាន់មុន ហើយទៅចាប់ដៃ​ចិនវិញ។ កាលពីប៉ុន្មានថ្ងៃមុន ប្រទេសដីកោះមួយទៀតនៅតំបន់ប៉ាស៊ីហ្វិក គឺ Solomon ទើបតែបានប្រកាសកាត់ផ្តាច់​ចំណងការទូត​​ជាមួយតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់ប្រទេសចិនវិញ។

គួរជម្រាបថា Kiribati គឺជាសម្ព័ន្ធមិត្តទី០៧ហើយ ដែលតៃវ៉ាន់បានបាត់បង់ គិតចាប់តាំងពីប្រធានាធីបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៦។ ប្រទេស០៦ទៀត រួមមាន Burkina Faso, Domonican Republic, Sao Tome & Principe, Panama, El Salvador, និង Solomon។ គិតត្រឹមពេលនេះ តៃវ៉ាន់មានទំនាក់ទំនងការទូតផ្លូវការតែជាមួយប្រទេស​​​ចំនួន១៥ប៉ុណ្ណោះ នៅជុំវិញពិភពលោក៕