(តូក្យូ)៖ យានអវកាស Hayabusa-2 របស់ជប៉ុនទើបតែបានធ្វើការហាត់សម ដើម្បីត្រៀមសម្រាប់កិច្ចការចុងក្រោយបង្អស់របស់វា មុនពេលវិលត្រឡប់ចេញពីអាចម៍ផ្កាយ Ryugu មកកាន់ភពផែនដីវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។
មកទល់ពេលនេះយាន Hayabusa-2 បានចំណាយពេលជាងមួយឆ្នាំហើយ ដើម្បីសិក្សាលើអាចម៍ផ្កាយ Ryugu។ អំឡុងរយៈពេលនេះ Hayabusa-2 បានប្រមូលគំរូតាងពីរណ្តៅសិប្បនិម្មិតមួយ ដែលវាបានបង្កើតឡើងនៅលើផ្ទៃរបស់ Ryugu និងបានទម្លាក់យានតូចៗចំនួនបីគ្រឿង ឲ្យចុះទៅលើផ្ទៃនៃអាចម៍ផ្កាយ Ryugu។ តែយាន Hayabusa-2 នៅមានគ្រឿងយន្តមួយទៀតឈ្មោះ MINERVA-II2 ដើម្បីបំពេញបេសកកម្ម។
យ៉ាងណាមិញ មុនការទម្លាក់គ្រឿងយន្ត MINERVA-II2 ចុះទៅកាន់ផ្ទៃអាចម៍ផ្កាយ Ryugu ក្រុមអ្នកវិទ្យាសាស្រ្តនៃទីភ្នាក់ងារអវកាសជប៉ុន JAXA បានសម្រេចធ្វើការហាត់សមមួយសិន គឺតាមរយៈការទម្លាក់ឧបករណ៍ចំណាំគោលដៅចំនួនពីរគ្រឿង ចុះទៅកាន់អាចម៍ផ្កាយនោះ កាលពីថ្ងៃទី១៧ ខែកញ្ញា។ កំឡុងពេលនោះយាន Hayabusa-2 ក៏បានថតយករូបភាពមួយចំនួនផងដែរ។ នៅពេលបញ្ជូនចេញពីផែនដី Hayabusa-2 មានផ្ទុកឧបករណ៍នេះចំនួន ០៥គ្រឿង ដោយមួយគ្រឿងត្រូវបានទម្លាក់កាលពីតុលា ឆ្នាំ២០១៨ និងមួយគ្រឿងទៀតកាលពីខែឧសភា ឆ្នាំនេះ។
គួរជម្រាបថា ទន្ទឹមគ្នានេះទីភ្នាក់ងារអវកាសជប៉ុនមិនទាន់បានបញ្ជាក់ថា គ្រឿងយន្ត MINERVA-II2 នឹងត្រូវទម្លាក់ចុះទៅកាន់ផ្ទៃអាចម៍ផ្កាយ Ryugu នៅពេលណាឡើយ ប៉ុន្តែយាន Hayabusa-2 ត្រូវបានគេកំណត់ថា នឹងចាកចេញមកវិញនៅខែវិច្ឆិកា ឬមួយក៏ខែធ្នូខាងមុខនេះហើយ។ នៅពេលមកដល់ផែនដីវិញ វានឹងទម្លាក់ប្រអប់ស្តុកគំរូតាងរបស់អាចម៍ផ្កាយ Ryugu ចុះមកកាន់ផែនដី ដើម្បីឲ្យអ្នកវិទ្យាសាស្រ្តជប៉ុនសិក្សាស្រាវជ្រាវ។
យានអវកាស Hayabusa-2 គឺជាបេសកកម្មបន្ទាប់ពីបេសកកម្មទី១ឈ្មោះ Hayabusa របស់ទីភ្នាក់ងារអវកាសជប៉ុន ដែលបាននាំយកគំរូតាងរបស់អាចម៍ផ្កាយមួយផ្សេងទៀត មកកាន់ផែនដីកាលពីឆ្នាំ២០១០។ វាត្រូវបានបញ្ជូនចេញពីផែនដីកាលពីចុងឆ្នាំ២០១៤ និងបានទៅដល់អាចម៍ផ្កាយ Ryugu ដែលនៅចម្ងាយជិត ៣០០លានគីឡូម៉ែត្រ កាលពីខែមិថុនា ឆ្នាំ២០១៨។ Hayabusa-2 ត្រូវគេរំពឹងថា នឹងមកដល់ផែនដីវិញនៅចុងឆ្នាំ២០២០៕