(បាងកក)៖ សមាគមអ្នកនាំចេញទំនិញរបស់ថៃ (TBPEA) បានឲ្យដឹងថា ដោយសារតែការថយចុះ នៃតម្រូវការសាច់ជ្រូកនៅចិន ជុំវិញការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះ ប្រទេសថៃ បានឆក់ឱកាសល្អនេះ ក្នុងការនាំចូលសាច់មាន់បន្ថែមទៅកាន់ប្រទេសចិន ដែលបានកើនឡើងរហូតដល់ជាង ៧០០% ឯណោះពីចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០១៩ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
ប្រធានសមាគម TBPEA លោក គូគ្រីត អារីផាកន (Kukrit Arepagorn) បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបាន និងកំពុងធ្វើឲ្យប្រជាជនចិន ភ័យខ្លាចក្នុងការទទួលទានសាច់ជ្រូក ដូច្នេះប្រទេសថៃ អាចនាំចេញសាច់មាន់ទៅកាន់ប្រទេសចិន កើនឡើងយ៉ាងគំហុកស្មើនឹង ៣៣,៥០០តោន ឬរហូតដល់ ៧១២% បើធៀបនឹងឆ្នាំមុន។ តួលេខនេះក៏ធ្វើឲ្យចិនក្លាយ ជាប្រទេសធំទីបីផងដែរ ដែលបាននាំចូលសាច់មាន់ពីប្រទេសថៃ បន្ទាប់ពីសហភាពអឺរ៉ុប និងប្រទេសជប៉ុន។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ASF បានកើតមានឡើងខ្លាំងជាងគេនៅប្រទេសចិន និងវៀតណាម ប៉ុន្តែក្នុងប្រទេសមួយចំនួនទៀតដូចជា កូរ៉េខាងជើង កូរ៉េខាងត្បូង និងហ្វីលីពីនជាដើមសុទ្ធ តែបានកើតមានជំងឺនេះដូចគ្នា ប៉ុន្តែស្ថិតក្នុងកម្រិតស្រាលប៉ុណ្ណោះ។ ការកើតមានជំងឺនេះបានធ្វើឲ្យប្រជាជននៅវៀតណាម និងចិនភ័យខ្លាចក្នុងការទទួលទាន សាច់ជ្រូក និងបានងាកទៅទទួលទានសាច់ត្រី គ្រឿងសមុទ្រ មាន់ និងគោជំនួសវិញ៕