(កាប៊ុល)៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក របស់ក្រុមតាលីបង់ នៅក្បែរមន្ទីរពេទ្យមួយ កន្លែងស្ថិតនៅភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានកើនដល់២០នាក់ហើយ ខណៈ៩៥នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុមតាលីបង់ ដែលបានដឹកនាំការវាយប្រហារស្ទើតែរាល់ថ្ងៃ ចាប់តាំងពីកិច្ចចរចាសន្តិភាព ជាមួយសហរដ្ឋអាមេរិក ទទួលបរាជ័យនៅដើមខែកញ្ញានេះ បានអះអាងថាការវាយប្រហាររបស់ខ្លួនគឺមាន គោលដៅលើអគារនាយកដ្ឋានស៊ើបការណ៍សំងាត់នៃរដ្ឋាភិបាលទីក្រុងកាប៊ុល នៅក្នុងទីក្រុង Qalat នៃខេត្ត Zabul។

ចំណែកឯ ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន ក៏បានឱ្យដឹងដែរថាក្រុមសកម្មប្រយុទ្ធតាលីបង់ មានបំណងវាយប្រហារ លើមូលដ្ឋានបណ្ដុះបណ្ដាលមួយសម្រាប់មន្ត្រីសន្តិសុខជាតិ ប៉ុន្តែរថយន្ដបង្កៃគ្រាប់បែករបស់ពួកគេបែរជា ផ្ទុះនៅក្បែរច្រកចូលមន្ទីរពេទ្យនៅក្នុងតំបន់ទៅវិញ។

គួរបញ្ជាក់ថា ក្រោយកិច្ចចរចាជាមួយអាមេរិកបានទទួលភាពបរាជ័យ ក្រុមតាលីបង់បានអះអាងថា មនុស្សបន្ថែមទៀតនឹងបាត់បង់ជីវិត ដោយសារតែជម្រើសរបស់សហរដ្ឋអាមេរិក ក្នុងការមិនបន្តកិច្ចចរចា ជាមួយពួកគេ៕