(កាប៊ុល)៖ ក្រោយពីបានធ្វើសកម្មភាពវាយប្រហារសម្លាប់មនុស្សយ៉ាងតិច ៤៨នាក់ ហើយក្តៅៗនៅប្រទេសអាហ្វហ្គីស្ថាន ក្រុមសកម្មប្រយុទ្ធតាលីបង់បាននិយាយថា ពួកគេនៅតែបើកចំហទ្វារឡើងវិញ ដើម្បីរង់ចាំការបន្តកិច្ចចរចាឡើងវិញជាមួយអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
ជាមួយគ្នានោះលោក ម៉ូហាម៉េដ អាប់បាស់ ស្ទេនីកហ្សៃ (Mohammad Abbas Stanikzai) ដែលជាប្រធានកិច្ចចរចារបស់ពួកតាលីបង់ ក៏បាននិយាយការពារ ទង្វើបង្ហូរឈាមមួយរយៈពេលកន្លងទៅនេះ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថានផងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយកករណីវាយប្រហារមួយដោយក្រុមតាលីបង់ ដែលបានសម្លាប់ជីវិតទាហានអាមេរិកម្នាក់ និងមនុស្សមួយចំនួនទៀត ធ្វើជាហេតុផលដើម្បីលុបចោលដំណើរការចរចាគ្នា ដើម្បីស្វែងរកសន្តិភាពជាមួយក្រុមតាលីបង់។
លោក Stanikzai បានលើកឡើងថា អាមេរិកក៏បានសារភាពថា ពួកគេបានសម្លាប់ជីវិតសមាជិកតាលីបង់ជាច្រើននាក់ នៅកំឡុង ដំណើរការចរចាគ្នាដែរ ដូច្នេះហើយក្រុមឧទ្ទាមតាលីបង់ គឺមិនបានធ្វើអ្វីខុសឡើយ តាមរយៈការបន្តសកម្មភាពប្រយុទ្ធនៅកំឡុង ពេល នោះដូចគ្នា។
ប្រធានចរចារបស់ក្រុមតាលីបង់រូបនេះបានបញ្ជាក់ទៀតថា «សម្រាប់យើង គឺពួកយើងនៅតែបើកចំហទ្វារ ដើម្បីត្រៀមបន្តកិច្ចចរចាឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកចង់»។ កាលពីថ្ងៃទី១០ ខែកញ្ញា លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចចរចាសន្តិភាពជាមួយតាលីបង់ គឺស្លាប់បាត់ហើយ បន្ទាប់អាមេរិកបានខិតខំអស់រយៈពេលជិតមួយឆ្នាំ ដើម្បីព្យាយាមសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមតាលីបង់ ហើយឈានទៅបញ្ចប់សង្រ្គាមដ៏អូសបន្លាយនៅអាហ្វហ្គានីស្ថាន ដែលបានបន្តមកប្រមាណ ១៨ឆ្នាំហើយនោះ។
គួរជម្រាបថា សកម្មភាពវាយប្រហារថ្មីចុងក្រោយគេរបស់ពួកតាលីបង់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងតិច ២៦នាក់ នៅកំឡុងការប្រមូលផ្តុំគ្នាមួយកន្លែងក្នុងខេត្ត ផារវ៉ាន (Parwan) ភាគកណ្តាល និង ២២នាក់ទៀតនៅរដ្ឋធានីកាប៊ុល ដោយរំលងគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ករណីវាយប្រហារជាច្រើនថែមទៀតត្រូវបានរំពឹងថា នឹងបន្តផ្ទុះឡើង ស្របពេលដែលអាហ្វហ្គានីស្ថាន កំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២៨ ខែកញ្ញា ហើយក្រុមតាលីបង់បានព្រមានរួចជាស្រេចថា នឹងធ្វើសកម្មភាពវាយប្រហារ ដើម្បីព្យាយាមបង្កការរំខានដល់ដំណើរការបោះឆ្នោត។
អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាលីបង់ ក៏បានលើកឡើងដែរថា បន្ទាប់ពីកិច្ចចរចាសន្តិភាពជាមួយអាមេរិកបានដួលរលំ គឺមានតែជម្រើសមួយទៀតប៉ុណ្ណោះ គឺការបន្តប្រយុទ្ធគ្នា និងបន្តសកម្មភាពវាយប្រហារនៅអាហ្វហ្គានីស្ថាន ប៉ុន្តែសហរដ្ឋអាមេរិកនឹងស្តាយក្រោយជាក់ជាមិនខាន៕