(គូឡាឡាំពួរ)៖ ប្រធានគណបក្ស ផាទី ឃាឌីឡាន រ៉ាក់យ៉ាត (PKR) លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងត្រូវផ្ទេរឲ្យលោក នៅយ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ ទៅតាមការព្រមព្រៀងរវាងគណបក្សរបស់លោក និងគណបក្ស ផាកាតាន់ ហារ៉ាផាន់ (PH) របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្នលោក មហាធៀ ម៉ូហាម៉ាត់ (Mahathir Mohammad)។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Anwar បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាការយោគយល់មួយ ដែលវានឹងកើតឡើងនៅកំឡុងពេលនោះ ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់ឲ្យច្បាស់លាស់ថា នៅក្នុងខែណាឲ្យប្រាកដឡើយ...។ ប៉ុន្តែនេះគឺជាយោគយល់មួយដែលលោក (Mahathir) នឹងត្រូវលាលែងពីតំណែង ហើយដែលខ្ញុំនឹងបន្តតំណែងនោះវិញ...»។
គួរបញ្ជាក់ថា ខែឧសភា ឆ្នាំ២០២០ គឺនឹងដល់ពេលដែលគណបក្ស PKR លើកឡើងនូវជំហររបស់ខ្លួនដើម្បីឲ្យលោក Anwar ទទួលបានតំណែងកំពូលនៅក្នុងជួររដ្ឋាភិបាល ហើយវានឹងមានរយៈពេលពីរឆ្នាំ បន្ទាប់ពីការបោះឆ្នោតសកលនៅឆ្នាំ២០១៨ ខណៈគណបក្សទាំងពីរ PKR និង PH បានព្រមព្រៀងគ្នាជុំវិញការផ្ទេរអំណាចនេះរួចទៅហើយ កំឡុងការបង្កើតរដ្ឋាភិបាលចំរុះជាមួយគ្នា៕