(ម៉ូស្គូ)៖ ចិននិងរុស្ស៊ីបានព្រមព្រៀងគ្នាប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្រ្ត និងគំនិតច្នៃ ប្រឌិតបច្ចេកវិទ្យា ឲ្យកាន់តែរឹងមាំថែមទៀត ហើយប្រទេសទាំងពីរក៏បានដាក់គោលដៅពង្រីកចំណងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ផងដែរ ដើម្បីផលប្រយោជន៍និងការអភិវឌ្ឍជារួម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
ភាគីទាំងពីរបានធ្វើការឯកភាពគ្នាបែបនេះ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចរយៈពេល០៣ថ្ងៃ របស់នាយករដ្ឋមន្រ្តីចិន លោក Li Keqiang នៅប្រទេសរុស្ស៊ី។ កាលពីថ្ងៃអង្គារម្សិលមិញ លោក Li និងនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev បានបើក កិច្ចប្រជុំ កំពូល មួយ។
លោកនាយករដ្ឋមន្រ្តីចិន បានអំពាវនាវឲ្យប្រទេសចិននិងរុស្ស៊ីបន្តទាញយកផលប្រយោជន៍ ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា រួមមានដូចជា ការស្រាវជ្រាវទូទៅ ការស្រាវជ្រាវសម្រាប់អនុវត្ត រួមទាំង ការយកសមិទ្ធផលផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ទៅប្រើប្រាស់ក្នុងផលិតផលជាដើម។ ឯលោក Medvedev ក៏បានបង្ហាញនូវ ឆន្ទៈចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ ដូចជាផ្នែកបញ្ញាសិប្បនិម្មិត (AI) និងរ៉ូបូត។
បន្ថែមពីនោះ នាយករដ្ឋមន្រ្តីចិននិងរុស្ស៊ី ក៏បានសម្រេចបន្តចាប់ដៃសហការគ្នាទៅមុខទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណងទាក់ ទងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ខណៈចិនបានបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី សម្រាប់រយៈពេល០៩ឆ្នាំ ជាប់គ្នាមកហើយ។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ទៅ២៧.១ភាគរយ និងជាការបំបែកកំណត់ត្រាលើស ១០០ពាន់លានដុល្លារជាលើកដំបូង។ គិតចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០១៩វិញ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរស្ថិតនៅ ៧០.៥៩ពាន់លានដុល្លារ។ ចិននិងរុស្ស៊ីបានដាក់គោលដៅថា នៅឆ្នាំ២០២៤ នឹងសម្រេចឲ្យបានទំហំពាណិជ្ជកម្មរហូតដល់ ២០០ពាន់លានដុល្លារតែម្តង។
គួរជម្រាបថា នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានធ្វើដំណើរមកដល់ទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ហើយលោកត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាថ្ងៃពុធនេះ មុនពេលបញ្ចប់ទស្សនកិច្ច៕