(ម៉ិចស៊ីកូ)៖ ក្រុមជំនាញរបស់ម៉ិចស៊ីកូបានស្រាវជ្រាវ និងរកឃើញសាកសពមនុស្ស យ៉ាងហោចណាស់ ២៩នាក់ ដែលត្រូវបានកាប់ជាកង់ៗ និងញាត់ចូលថង់ផ្លាស្ទិកចំនួន ១១៩ រួចបោះចូលទៅក្នុងរណ្តៅមួយស្ថិតនៅជាយទីក្រុង ហ្គាដាឡាហ្សារ៉ា (Guadalajara) ភាគខាងលិចប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
តាមពិតទៅក្រុមជំនាញម៉ិចស៊ីកូ បានរកឃើញរណ្តៅកប់សាកសពខាងលើនេះ តាំងតែពីដើមខែកញ្ញានេះមកម្ល៉េះ ប៉ុន្តែគេត្រូវការពេលវេលាដើម្បីត្រួតពិនិត្យ និងរាប់ចំនួនសាកសពឲ្យបានជាក់លាក់។ ជុំវិញបញ្ហានេះលោក ជែរ៉ាដូ សូលីស (Gerardo Solis) អគ្គរដ្ឋអាជ្ញាធរនៃរដ្ឋ ហ្សាលីស្កូ (Jalisco) បានប្រាប់សារព័ត៌មានក្នុងតំបន់ថា «យើងបានផ្គុំសាកសពចំនួន ១៣នាក់រួចហើយ និង ១៦នាក់ទៀតមិនទាន់រួចរាល់នៅឡើយទេ ខណៈសាកសពទាំងអស់មានចំនួន ២៩នាក់»។
គួរបញ្ជាក់តាមអាជ្ញាធរម៉ិចស៊ីកូខាងលើនេះថា សាកសពទាំងអស់ទំនងជាត្រូវបានសម្លាប់ និងកម្ទេចចោលនៅអំឡុងការផ្ទុះអំពើហិង្សា និងសង្គ្រាមប្រឆាំងគ្រឿងញៀន នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការធ្វើកោសល្យវិច្ច័យកំពុងតែបន្តនៅឡើយ ខណៈ០៣នាក់ក្នុងចំណោមនោះត្រូវបានក្រុមជំនាញបញ្ជាក់ថា ជាសមាជិកក្រុមគ្រួសារដែលបានមកប្តឹងប៉ូលិសថា ពួកគេបានបាត់សមាជិកគ្រួសារ។ ក្នុងចំណោមសាកសពដែលត្រូវបានកាប់ជាកង់ៗទាំង ២៩នាក់នោះ មានតែពីរនាក់ប៉ុណ្ណោះជាស្ត្រី៕