(អាមេរិក)៖ យានគំរូថ្មីនៃនាវាអវកាស Starship របស់ក្រុមហ៊ុន SpaceX កំពុងតែលេចចេញជារូបរាងឡើងយ៉ាងឆាប់រហ័ស។ Starship គឺជាគម្រោងបង្កើតយានអវកាសដ៏ធំមួយ ដើម្បីដឹកទំនិញក៏ដូចជាមនុស្សបានច្រើននាក់ (ខ្ទង់១០០នាក់) ធ្វើដំណើរក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
លោក Elon Musk ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនអវកាសឯកជននាំមុខគេរបស់សហរដ្ឋអាមេរិក SpaceX ទើបតែបង្ហោះរូបភាពថ្មីៗ បង្ហាញឲ្យឃើញពីដំណើរការសាងសង់យានគំរូ Starship ថ្មីហៅថា Starship Mk1 ដែលកំពុងស្ថិតក្រោមការដំឡើង នៅមូលដ្ឋានរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋ Texas។ ដោយយោងតាមរូបភាពទាំងនោះ គឺយានគំរូ Starship Mk1 បានលេចចេញរូបរាងជិតពេញលក្ខណៈហើយ។
យានគំរូ Mk1 នេះ និងយានគំរូមួយទៀតហៅថា Mk2 គឺជាយានសម្រាប់ធ្វើតេស្តបន្ត ពីយានគំរូឈ្មោះ Starhopper នៃគម្រោង Starship របស់ក្រុមហ៊ុន SpaceX ដែលនាពេលនេះត្រូវឈប់ប្រើហើយ បន្ទាប់ពីវាសម្រេចជោគជ័យក្នុងការធ្វើតេស្តធំមួយ កាលពីខែមុន។ បើតាមសម្តីលោក Musk កាលពីខែសីហា ក្រុមហ៊ុន SpaceX គ្រោងនឹងបាញ់បង្ហោះយានគំរូថ្មី Mk1 នៅខែតុលាខាងមុខ។
គួរជម្រាបថា ការធ្វើតេស្តសាកល្បងទាំងអស់នេះ គឺជាការខិតខំបោះជំហានឆ្ពោះទៅរក ការបង្កើតនាវាអវកាស Starship ដែលប្រើជាមួយគ្រាប់រ៉ុក្កែតដ៏ធំដូចគ្នាឈ្មោះថា Super Heavy ដោយវត្ថុទាំងពីរនឹងសុទ្ធតែអាចប្រើប្រាស់ឡើងវិញបាន។ បើតាមគំរូបច្ចុប្បន្ន នាវាអវកាស Starship នៅ Version ចុងក្រោយនឹងមានបំពាក់ម៉ាស៊ីន Raptor ចំនួន ០៦គ្រឿង ខណៈ យានគំរូសម្រាប់ធ្វើតេស្ត Starhopper មានត្រឹម ០១គ្រឿងប៉ុណ្ណោះ ហើយ Mk1 និង Mk2 មានត្រឹម ០៣គ្រឿងប៉ុណ្ណោះ។
រីឯគ្រាប់រ៉ុក្កែត Super Heavy នឹងបំពាក់ម៉ាស៊ីននេះរហូតដល់ ៣៥គ្រឿង។ យ៉ាងណាមិញ ចំនួនម៉ាស៊ីនទាំងនេះអាចប្រែប្រួល ខណៈលោក Musk នឹងធ្វើការផ្តល់ព័ត៌មានអាប់ដេតថ្មីៗ អំពីគំរូរចនានៃគម្រោង Starship នៅថ្ងៃទី២៨ ខែកញ្ញា ដែលនៅពេលនោះយានគំរូ Mk1 ត្រូវគេរំពឹងថា នឹងដំឡើងហើយជាស្ថាពរ។
ក្រុមហ៊ុន SpaceX ធ្លាប់បានលើកឡើងនាពេលកន្លងមកថា ជើងហោះហើរផ្លូវការលើកដំបូងរបស់នាវាអវកាស Starship ដែលទំនងជាការដឹកជញ្ជូនផ្កាយរណបនោះ អាចប្រព្រឹត្តទៅបើឆាប់បំផុតគឺនៅឆ្នាំ២០២១ ខណៈ Space មានគម្រោងប្រើប្រាស់យានអវកាសនេះ ក្នុងប្រតិបត្តិការហោះហើរគ្រប់ប្រភេទរបស់ខ្លួនតែម្តង។ ចំណែកនៅឆ្នាំ២០២៣ ក្រុមហ៊ុន SpaceX បានកំណត់គោលដៅថា នឹងចេញបេសកកម្មដឹកជញ្ជូនភ្ញៀវទេសចរ ទៅលេងជុំវិញព្រះច័ន្ទ ដែលជើងហោះហើរនេះត្រូវបានកក់ដោយមហាសេដ្ឋីជប៉ុន លោក មែហ្សាវ៉ា យូសាគុ (Maezawa Yusaku) រួចហើយ៕