Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការថតរូបលើកម្រាមដៃរាងអក្សរ «V» ងាយនឹងត្រូវបានក្រុមឧក្រិដ្ឋជនចម្លងស្នាមក្រយៅដៃ, នេះជា ការព្រមានរបស់អ្នកជំនាញព័ត៌មានវិទ្យា

17-09-2019 20:55

(ប៉េកាំង)៖ សកម្មភាពថតរូប ឬសែលហ្វី (selfie) ដោយលើកម្រាមដៃរាងអក្សរ V ឬក៏កន្ត្រៃ ហើយ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម អាចប្រឈមមុខនឹងហានិភ័យនៃការលួចចម្លងស្នាមក្រយៅដៃ ដោយក្រុមឧក្រិដ្ឋជន យកទៅប្រើប្រាស់ក្នុងការបញ្ជាក់អត្តសញ្ញាណ និងលួចលុយចេញពីធនាគារ ជាដើម។ នេះជាការព្រមានរបស់អ្នកជំនាញព័ត៌មានវិទ្យាចិន ដកស្រង់ដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

អ្នកជំនាញព័ត៌មានវិទ្យាចិន លោក Zhang Wei ធ្វើការព្រមានខាងលើនៅក្នុងព្រឹត្តិការណ៍មួយស្ដីពី សន្តិសុខជាតិព័ត៌មានវិទ្យា នៅឯទីក្រុងសៀងហៃ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ថ្លែងនាឱកាសនោះ លោក Zhang បានបន្ថែមទៀតថា តាមរយៈបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នាពេលបច្ចុប្បន្ន ក្រុមឧក្រិដ្ឋជនមួយចំនួនអាចនឹងលួចចម្លងស្នាមក្រយៅដៃបានយ៉ាងងាយ នៅក្នុងករណីដែល អ្នកថតរូបធ្វើកាយវិការលើកម្រាមដៃអក្សរ «V» នៅរយៈចំងាយជិត។

គួរបញ្ជាក់ថា បើតាមលោក Zhang Wei ការថតរូប ឬសែលហ្វីលើកម្រាមដៃរាងអក្សរ V ដែលស្ថិត នៅចំងាយ៣ម៉ែត្រ ឬជិតជាងនេះ អាចនឹងងាយរងគ្រោះនៃការលួចចម្លងស្នាមក្រយៅដៃ ដូច្នេះមិន គួរបង្ហោះវានៅលើអិនធឺណែត ឬបណ្ដាញទំនាក់ទំនងសង្គមណាមួយឡើយ៕