(តែលអាវីវ)៖ ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមបោះឆ្នោតសកលសាជាថ្មី បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានស្នើឲ្យមានការបោះឆ្នោតឡើងវិញ ព្រោះតែមិនអាចបង្កើតរដ្ឋាភិបាលចម្រុះបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
កាលពីខែឧសភាកន្លងទៅ សភាអ៊ីស្រាអែលបានសម្រេចបោះឆ្នោតរំលាយខ្លួនឯងចោល ក្រោយលោក Netanyahu បរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ បើទោះបីជាគណបក្សរបស់លោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែមេសាក៏ដោយ ។ ប្រការនេះតម្រូវឲ្យប្រទេសអ៊ីស្រាអែល រៀបចំការបោះឆ្នោតសកលជាថ្មីម្តងទៀត ដែលចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារនេះ។
គួរជម្រាបថា បើយោងតាមការស្ទាបស្ទង់មតិចុងក្រោយបំផុត គណបក្សស្តាំនិយមរបស់លោក Netanyahu លីគូដ (Likud) គឺប្រកិតគ្នាជាមួយគណបក្ស ស និងខៀវ (Blue and White) ដែលដឹកនាំដោយអតីតមេបញ្ជាការយោធា លោក ប៊ិននី ហ្គេនស៍ (Benny Gantz)។ ដោយឡែកការបោះឆ្នោតនឹងបញ្ចប់នៅវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយដំណើរការចរចាស្តីពីការបង្កើតរដ្ឋាភិបាលចម្រុះត្រូវគេរំពឹងថា នឹងចាប់ផ្តើមតែម្តងក្រោយពីចេញលទ្ធផលរាប់សន្លឹកឆ្នោតភ្លាមៗ៕