(បរទេស)៖ បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ីនធើណែត ហាក់ចូលចិត្តតាមរឿងរ៉ាវបែបវិទ្យាសាស្ត្រ ក៏ដូចជារបកគំហើញផ្សេងៗទាក់ទងនឹងវិស័យអវកាស។ ព័ត៌មានក្តៅនាពេលថ្មីៗនេះ គឺការរកឃើញភពអេលៀន ដែលមានផ្ទុកទឹកក្នុងបរិយាកាស ហើយវាពិតបានធ្វើឲ្យមនុស្សគ្នាគ្រប់គ្នា ចាប់អារម្មណ៍ជាខ្លាំងមិនថាតែ ក្រុមអ្នកវិទ្យាសាស្រ្តផ្ទាល់ ឬក៏ជនសាមញ្ញធម្មតាដែលតាមរឿងនេះឡើយ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Space នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
កាលពីសប្តាហ៍មុនក្រុមអ្នកវិទ្យាសាស្រ្តបានប្រាប់ឲ្យដឹងថា ទឹកត្រូវបានរកឃើញជាលើកដំបូង នៅក្នុងបរិយាកាសរបស់ភពអេលៀនមួយ ដែលអាចមានកម្រិតសីតុណ្ហភាព ប្រហាក់ប្រហែលនឹងផែនដី និងអាចទ្រទ្រង់ទម្រង់ជីវិតបាន។ ព័ត៌មាននេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ចែកចាយតៗគ្នាយ៉ាងផុសផុល ខណៈក្រុមអ្នកវិទ្យាសាស្រ្តនៅជុំវិញពិភពលោក បានសម្តែងការត្រេកអរក៏ដូចជាភ្ញាក់ផ្អើលពន់ពេក នៅពេលដែលស្នាដៃរបស់ពួកគេ ត្រូវបានមហាជនកាន់តែច្រើនលើលោកព្យាយាមតាមដាន និងឲ្យតម្លៃ។
ភពមួយនោះដែលមានឈ្មោះថា K2-18b មានម៉ាសធំជាងភពយើងបីដង និងមានទំហំធំជាងផែនដីពីរដង ហើយគន្លងគោចរវិញគឺស្ថិតនៅក្នុងតំបន់អំណោយផល ដែលគេហៅថា Habitable Zone នៃផ្កាយរបស់វាគឺមិនឆ្ងាយពេក និងមិនកៀកពេកឡើយ ដែលអាចឲ្យទឹកមានវត្តមានក្នុងទម្រង់រាវបាន នៅលើផ្ទៃស្រទាប់ខាងលើនៃភពនោះ។ K2-18b ស្ថិតនៅចម្ងាយខ្ទង់ ១១១ឆ្នាំពន្លឺពីផែនដី និងគោចរជុំវិញផ្កាយមេរបស់វា ជាប្រភេទតារាក្រហម K2-18 ក្នុងរយៈពេលមួយជុំ ៣៣ថ្ងៃ។
បើតាមអ្នកវិទ្យាសាស្រ្ត ក្នុងចំណោមភពអេលៀនជាង ៤,០០០ ដែលត្រូវបានរកឃើញមកទល់សព្វថ្ងៃនេះ ភព K2-18b គឺជាភពដំបូងគេ ដែលមានផ្ទៃជាលក្ខណៈថ្មរឹង ហើយមានបរិយាកាសដែលផ្ទុកទឹក។ ភពអេលៀនភាគច្រើន ដែលមានបរិយាកាសគឺសុទ្ធតែជាភពឧស្ម័ន រីឯភពថ្មមួយចំនួនតូចវិញ គឺហាក់មិនមានស្រទាប់បរិយាកាសតែម្តង ហើយបើមានវិញភពដែលគេគិតថាដូចផែនដី ភាគច្រើនស្ថិតនៅចម្ងាយឆ្ងាយ ឬក៏កៀកពេកធៀបនឹងផ្កាយពួកវា ដែលជាហេតុធ្វើឲ្យទឹកពិបាករក្សាទម្រង់វាវត្ថុរាវ ដែលអាចឲ្យជីវិតកកើតឡើងបាន។
គួរជម្រាបថា ភព K2-18b ត្រូវបានរកឃើញកាលពីឆ្នាំ២០១៥ ដោយកែវយឺតអវកាស Kepler របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ វាគឺជាប្រភេទភព ស្ថិតនៅក្នុងចំណោមភពអេលៀន Super Earth រាប់រយទៀតដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ គឺពពួកភពស្រដៀងផែនដី តែមានម៉ាសធំជាងភពយើងជិត ១០ដង។ បើតាមអ្នកវិទ្យាសាស្រ្ត ភពអេលៀននេះអាចចាត់ទុកបានថា ជាបេក្ខភាពល្អជាងគេបំផុត ក្នុងកិច្ចប្រឹងប្រែងរុករកជីវិតនៅលើបណ្តាភព ដែលស្ថិតនៅក្រៅប្រព័ន្ធអាទិត្យ៕