(វ៉ាស៊ីនតោន)៖ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិន ដោយលោកបាននិយាយថា កាលពីលោកនៅកាន់តំណែងជាអតីតប្រធានាធិបតី លោកបានចំណាយពេលជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ច្រើនជាងមេដឹកនាំណាផ្សេងទៀតទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
កាលពីថ្ងៃអាទិត្យ លោក Biden និយាយថា លោក ត្រាំ យល់ខុសនិងមិនចេះដោះស្រាយបញ្ហាទំនាក់ទំនងអាមេរិក-ចិន។ លោកបានបន្តទៀតថា លោកបានចំណាយពេលយ៉ាងច្រើនជាមួយលោក ស៊ី ជិនពីង ដែលបើធៀបជាមួយនឹងពេលវេលាលោក ស៊ី ចំណាយជាមួយមេដឹកនាំប្រទេសដទៃៗទៀតនោះ គឺឆ្ងាយដាច់តែម្តង កាលពីអំឡុងលោកនៅកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានស្ថិតក្រោមការរិះគន់របស់គណបក្សប្រជាធិបតេយ្យ ដោយសារតែគោលនយោបាយរបស់លោកសំដៅលើប្រទេសចិន ខណៈប្រទេសទាំងពីរកំពុងមានសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ដោយមិនទាន់រកច្រកចេញឃើញនៅឡើយ។ ដោយឡែក លោក Biden គឺជាបេក្ខជនលេចធ្លោមួយរូបរបស់បក្សប្រជាធិបតេយ្យ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធីបតីរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំក្រោយនេះ ហើយចាប់តាំងពីលោក Biden បានប្រកាសឈរឈ្មោះមក លោក ត្រាំ បានក៏វាយប្រហារពាក្យសម្តីដាក់រូបលោក ជារឿយៗផងដែរ៕
.