(បរទេស)៖ តម្លៃប្រេងបានលោតឡើងដល់អត្រាខ្ពស់បំផុតក្នុងអំឡុងពេល ០៤ខែចុងក្រោយនេះ ក្រោយមូលដ្ឋានប្រេងពីរកន្លែងរបស់ប្រទេសមហាសេដ្ឋីប្រេង គឺអារ៉ាប៊ីសាអូឌីត បានរងការវាយប្រហារកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលជាហេតុធ្វើឲ្យបាត់បង់ការផ្គត់ផ្គង់ប្រេងជាសកលជាង ៥ភាគរយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
ប្រការខាងលើបានធ្វើឲ្យថ្លៃប្រេង ប្រ៊ែនត៍ (Brent) នៅពេលចាប់ផ្តើមបើកជួញដូរ កើនឡើងដល់ទៅជិត ១៩ភាគរយ គឺដល់ ៧១.៩៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈប្រេង West Texas Intermediate (WTI) បានឡើងថ្លៃ ១៥ភាគរយ គឺដល់ទៅ ៦៣.៣៤ភាគរយ។ ប៉ុន្តែក្រោយមកតម្លៃប្រេងក៏បានថមថយមកវិញបន្តិច បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យអាមេរិកបញ្ចេញប្រេងឆៅបម្រុងរបស់ខ្លួន។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មូលដ្ឋានប្រេងធំៗចំនួន ០២កន្លែង របស់ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត អារ៉ាមកូ (Aramco) បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដែលអាចត្រូវចំណាយពេលរាប់សប្តាហ៍ ទើបអ្វីៗត្រូវវិលត្រឡប់ទៅរកសភាពដើមវិញ។ ខណៈក្រុមឧទ្ទាម ហួធី (Houthi) នៅយេម៉ែនបានអះអាងថា ពួកគេជាអ្នកនៅពីក្រោយសកម្មភាពវាយប្រហារ សហរដ្ឋអាមេរិកបែរជាបានចោទប្រកាន់ថា វាគឺជាស្នាដៃរបស់អ៊ីរ៉ង់ឯណោះទៅវិញទេ៕