(តេហេរ៉ង់)៖ មេបញ្ជាកងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Amirali Hajizadeh បាន ព្រមានថាទីក្រុងតេហេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាមគ្រប់រូបភាពទាំងអស់ ខណៈ ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាផ្ទុះឡើងជាថ្មី ក្រោយយន្ដហោះដ្រូនពីរគ្រឿងបើការវាយប្រហារលើរោងចក្រប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យនេះ លោក Hajizadeh បានលើកឡើងដូច្នេះថា ៖« គ្រប់គ្នាសុទ្ធតែដឹងថាមូលដ្ឋានទ័ពអាមេរិក និងនាវាផ្ទុកយន្ដហោះចម្បាំងរបស់ពួកគេ ស្ថិតនៅចំងាយ ២,០០០គីឡូម៉ែត្រជុំវិញអ៊ីរ៉ង់ ហើយដែលចំងាយនេះមិនអាចគេចផុតពីគ្រាប់មីស៊ីលរបស់យើង ឡើយ ...ដូច្នេះយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាម បើសិនជាសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា ប្រឆាំងនឹងពួកយើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ រោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត រងការវាយប្រហារដោយយន្ដហោះដ្រូនពីរគ្រឿងដែលក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយទីក្រុងតេហេរ៉ង់អះអាងថាជារបស់ខ្លួន។ ក្នុងថ្ងៃ ដដែលនោះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ប៉ុម ប៉េអូ និងអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ ត្រង់ៗថាការវាយប្រហារនេះគឺជាស្នាដៃរបស់អ៊ីរ៉ង់ តែទីក្រុងតេហេរ៉ង់ បានបដិសេធ៕