(ឆាងអាន-ចិន)៖ ផ្លូវមូស្លីម (Muslim Street) គឺជាទីកន្លែងដ៏សំខាន់មួយ របស់អ្នកកាន់សាសនាមូស្លីមនៅប្រទេសចិន។ វាគឺជាទីកន្លែងលក់អាហារ ដ៏ពេញនិយមបំផុត និងអ៊ូអរបំផុត ដែលមានទីតាំងស្ថិតនៅទីក្រុងឆាងអាន (X'ian) ខេត្តស្ហានស៉ី (Shannxi)។
ផ្ទះរបស់អ្នកស្រុកនេះ ត្រូវបានសាងសង់ឡើងតាមរចនាបទ នៃរាជវង្សមីង (Ming) និងរាជវង្សឈីង (Qing)។ តំបន់នេះ មានវិហារអ៉ីស្លាមចំនួន ១០កន្លែង ដែលមានទំហំខុសៗគ្នា និងត្រូវបានសាងសង់ក្នុងពេលវេលាខុសៗគ្នា ហើយទីនោះមានប្រជាជនមូស្លីម ២០.០០០ ដែលកំពុងរក្សាប្រពៃណី និងរបៀបរស់នៅបែបសាសនាពួកគេ។
យោងតាមមគ្គុទេសទេសចរណ៍ បានឲ្យដឹងថា ផ្លូវមូស្លីម ត្រូវបានគេស្គាល់យ៉ាងពេញនិយមថា «Snack Street (ឬបកប្រែជាភាសាខ្មែរថា ផ្លូវនៃការពិសារអាហារក្រៅពេល)» ដោយសារតែអាហារ យ៉ាងឈ្ងុយឆ្ងាញ់ ក្នុងតំបន់ឆាងអាន និងអាហារសម្រន់ស្ហានស៉ី ត្រូវបានប្រមូលផ្តុំនៅទីនេះ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ពីក្នុងស្រុក និងក្រៅស្រុក។ ផ្លូវចំណាស់មួយនេះ ក៏ពេញនិយមផងដែរសម្រាប់អ្នករស់នៅក្នុងតំបន់ ដោយសារតែអាហារមានរសជាតិឆ្ងាញ់ និងអាកាសធាតុ គួរជាទីលំហែរអារម្មណ៍។ ជាពិសេសទៅទៀតនោះ នៅក្នុងរាត្រីនារដូវក្តៅវិញ មនុស្សម្នាចូលចិត្តកម្សាន្តនៅទីនេះ ជាមួយនឹងអាហារមានឈ្មោះថា «Halal»។
លើសពីនេះទៅទៀត នៅលើផ្លូវនេះ មានវិហារអ៉ីស្លាម និងកន្លែងស្នាក់នៅបុរាណដ៏មានតម្លៃ សម្រាប់ទស្សនាមិនគួររំលងឡើយ តួយ៉ាងមាន «Gaojia Dayuan» ជាដើម។ វាគឺជាកន្លែង ដ៏ពេញនិយមបំផុត សម្រាប់សម្តែងល្ខោនតុក្កតាប្រពៃណី និងសម្តែងល្ខោនស្រមោល ដែលគេអាចរីករាយនៅពេលរសៀលផងដែរ។
អាហារ ដ៏ល្បីល្បាញនៅផ្លូវមូស្លីម រួមមាន Roujiamo ឬហាំបឺហ្គឺរចិន, Mutton/សាច់គោ និងនំបុ័ងភីតានៅក្នុងស៊ុប, Liangpi ឬមីត្រជាក់, មី Qinshan, សម្លស៊ុប និងនំប៉ាវ។ ទាំងនេះ គឺជាអាហារ ដែលអ្នករស់នៅក្នុងតំបន់ និងអ្នករស់នៅខេត្តស្ហានស៉ីទាំងមូល ពេញនិយមតែម្តង៕