(ប៉ាគីស្ថាន)៖ តារាចម្រៀងស្រីប៉ាគីស្ថានម្នាក់ដ៏ល្បីឈ្មោះម្នាក់ អាចនឹងប្រឈមមុខជាប់ពន្ធនាគារពីរឆ្នាំ និងការ ពិន័យជាប្រាក់ បន្ទាប់ពីរូបនាងបានបង្ហោះវីដេអូសត្វពស់ដ៏ធំមួយក្បាល និងសត្វល្មូនមួយចំនួន ដោយគំរាមផ្ញើសត្វ ទាំងនេះឱ្យនាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ នេះបើតាមដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
នាង Rabi Pirzada ដែលជាតារាចម្រៀង និងពិធីការីទូរទស្សន៍ផងនោះ បានបង្ហោះវីដេអូលើបណ្ដញទំនាក់ទំនងសង្គម តាំងតែពីថ្ងៃទី០២ ខែកញ្ញាមកម្លេះ ដើម្បីរិះគន់ និងថ្កោលទោសលោក ម៉ូឌី សម្រាប់ការលុបចោល សិទ្ធិស្វ័យភាពតំបន់កាស្មៀរប៉ែកទឹកខាងគ្រប់គ្រងដោយឥណ្ឌា។ ប៉ុន្តែ វាទើបតែត្រូវបានបណ្ដាសារព័ត៌មានយកមក ចុះផ្សាយឡើងវិញកាលពីប៉ុន្មានថ្ងៃមុននេះ។ នាង Pirzada បានលើកឡើងដូច្នេះថា៖ «ឃើញទេនេះជាអ្វីដែល ខ្ញុំរៀបចំសម្រាប់អ្នក (លោក ម៉ូឌី) ដូច្នេះត្រៀមខ្លួនស្លាប់នៅក្នុងឋាននរកចុះ...ហើយទាំងនេះគឺមិត្តរបស់ខ្ញុំដែលនឹងទទួលអ្នកយ៉ាងល្អ»។
គួរបញ្ជាក់ថា វីដេអូខាងលើត្រូវបានថត នៅក្នុងហាងកែសម្ផស្សរបស់នាង Rabi Pirzada នៅក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ដោយមានអ្នកចូលមើលជិត ១០០,០០០នាក់។ ដោយឡែក នៅក្នុងសប្ដាហ៍នេះដែរ ទីភ្នាក់ងារ ការពារសត្វព្រៃប៉ាគីស្ថាន បានបើកការស៊ើបអង្កេតមួយលើករណីនេះ ដ្បិតសត្វព្រៃមិនត្រូវបានអនុញ្ញាតឱ្យយកមកធ្វើសត្វចិញ្ចឹមនោះទេ ហើយបើរកឃើញទោសមែន នោះតារាចម្រៀងស្រីរូបនេះអាចនឹងជាប់ពន្ធនាគារពីរឆ្នាំ។
ប៉ុន្តែ នាង Pirzada បានអះអាងថានាងគ្រាន់តែសម្ដែងការប្រឆាំងនឹងជំទាស់នឹងលោក ម៉ូឌី តែប៉ុណ្ណោះ មិនមែនប្រឆាំងនឹងសត្វព្រៃឡើយ ហើយថែមទាំងចោទទីភ្នាក់ងារការពារសត្វព្រៃប៉ាគីស្ថានទៀតផងថាបានធ្វើតាមបញ្ជាលោកនាយករដ្ឋមន្ត្រីឥណ្ឌា៕