(ឡុងដ៍)៖ ទោះបីជាប្រទេសលីប៊ីបច្ចុប្បន្នកំពុងស្ថិតក្នុងការបែកបាក់ និងសង្គ្រាមរុំារ៉ៃនៅឡើយ ចាប់តាំងពីការរលំរលាយនៃរបបដឹកនាំលោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) កាលពីឆ្នាំ២០១១ ក្តី ក៏អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ ខេមរ៉ូន (David Cameron) នៅតែបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា លោកបានធ្វើរឿងដែលត្រឹមត្រូវដែលនាំឲ្យចិត្តធូរស្បើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
លោក Cameron ទើបតែបានសរសេររៀបរ៉ាប់រឿងរ៉ាវជាច្រើនថា លោកមានអារម្មណ៍ធូរស្បើយ នៅពេលដែលបានចេញបញ្ជាឲ្យចូលរួមទម្លាក់គ្រាប់បែក នៅប្រទេសលីប៊ីកាលពីខែមីនា ឆ្នាំ២០១១ ហើយសម្ព័ន្ធមិត្តសំខាន់ៗក៏បានបង្ហាញចេញនូវភាពរីករាយ ក្នុងការផ្តួលរំលំរបបដឹកនាំ មួអាម៉ា ហ្គាដាហ្វី ដូចគ្នាដែរ។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានបង្ខំចិត្តលាលែងពីតំណែងដោយសារ Brexit កាលពីឆ្នាំ២០១៦ រូបនេះបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «កំឡុងប៉ុន្មានថ្ងៃនោះ (មុនការទម្លាក់គ្រាប់បែក) ខ្ញុំពិតជាមានអារម្មណ៍តានតឹងណាស់ ក្នុងការនិយាយទូរស័ព្ទជាមួយលោក បារ៉ាក់ អូបាម៉ា ដែលបានដាក់ចេញនូវគោលនយោបាយផ្តាច់ទំនាក់ទំនង ហើយខ្ញុំមានអារម្មណ៍ថា អាមេរិកកាលណោះពិតជា តឹងតែងណាស់ចំពោះរឿងលីប៊ី...»។
លោក Cameron បានសង្កត់ធ្ងន់ថា «បណ្តាប្រទេសអឺរ៉ុបដែលបានគាំទ្រទង្វើនេះ ហាក់ដូចជាបង្កប់ភាពមិនស្រណុកចិត្ត...។ ខ្ញុំបានដឹងថា ប្រទេសអឺរ៉ុបហាក់ដូចជាមានទំនោរ ប្រឆាំងនឹងសង្គ្រាម...។ ខ្ញុំបានគិតថា បើកាលណោះពួកគេជាអតីតប្រទេសប្លុកអឺរ៉ុប ខាងកើតវិញ ពួកគេប្រាកដជានិយាយថា មើលទៅ! យើងបានបង្កើតប្រជាធិបតេយ្យ ជាមួយនឹងបដិវត្តន៍របស់យើងហើយ... ប៉ុន្តែមនុស្សទាំងនោះ ដែលមិនយល់ពីអ្វីដែលជា លទ្ធិប្រជាធិបតេយ្យបន្តិចឡើយ... បណ្តាប្រទេសភាគខាងត្បូងអឺរ៉ុប បានវិលវល់ពីព្រោះតែតួនាទី របស់ពួកគេបន្ថែមទៀត នោះគឺការទទួលយកជនភៀសខ្លួនពីអាហ្វ្រិក ខណៈដែលប្រទេសអាល្លឺម៉ង់វិញ គឺមិនបានចង់ចូលរួមរឿងនេះឡើយ តាំងពីដើមរៀងមក...»។
លោក Cameron បានបន្តទៀតថា «ខណៈដែលសហរដ្ឋអាមេរិកកាន់តែលូកដៃជ្រៅ និងអឺរ៉ុបដូចជាវង្វេងមិនគិតច្រើនដែរនោះ លោក William Hague (ក្រោយមកជារដ្ឋមន្ត្រីការបរទេស) បានឈានទៅបង្កើតអ្វីថ្មីមួយពីពិភពអារ៉ាប់ ក្នុងនោះគឺការបញ្ចុះបញ្ចូលឲ្យលោក Amr Moussa ដែលជាអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ (Arab League) ឲ្យជួយគាំទ្រដល់ការធ្វើអន្តរាគមន៍ (នៅលីប៊ី)...»។ ក្រោយមកទៀត លោក Cameron ក៏បានបង្ហាញមោទនភាព ដែលបានទទួលគាំទ្រពីក្រុមប្រឹក្សាសន្តិសុខ UN និងរដ្ឋាភិបាលលោកផ្ទាល់ ប៉ុន្តែលោកនៅមានភាពស្រពិចស្រពិល ជុំវិញអន្តរាគមន៍យោធានៅថ្ងៃខាងមុខ។
មុនធ្វើអន្តរាគមន៍យោធាមួយថ្ងៃនៅលីប៊ី គឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ លោក Cameron បានទូរស័ព្ទទៅលោក បារ៉ាក់ អូបាម៉ា ដើម្បពិភាក្សា ហើយអតីតរដ្ឋបាលអាមេរិកកាលណោះ បានអះអាងថា នឹងគាំទ្របារាំងព្រមទាំងអស់គ្លេស នៅក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃ ការធ្វើអន្តរាគមន៍យោធានៅលីប៊ី។ ទោះបីជាកាលណោះ អារម្មណ៍ពិតជាតានតឹងមែនទែន តែលោក Cameron នៅតែគិតថាលោកបានសម្រេចចិត្តដ៏ច្បាស់លាស់ និងមានទំនួលខុសត្រូវពិតប្រាកដ។
គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១ យន្តហោះចម្បាំងអាមេរិក អង់គ្លេស និងបារាំង ព្រមទាំងមីស៊ីលផ្លោង បានចាប់ផ្តើមវាយប្រហារទៅលើកងទ័ពរបស់ លោក ហ្គាដាហ្វី ហើយកងទ័ពលីប៊ីក៏បានចាប់ផ្តើមដកថយ។ ក្រោយពីអ្វីៗបានចាប់ផ្តើមទៅយ៉ាងល្អ លោក Cameron អះអាងថា លោកពិតជាធូរស្បើយក្នុងអារម្មណ៍ខ្លាំងណាស់។ ការវាយប្រហារដោយ សម្ព័ន្ធមិត្តទាំងបីត្រូវបានអតីតរដ្ឋាភិបាល ហ្គាដាហ្វី កាលណោះអះអាងថា បានសម្លាប់ជីវិតមនុស្សស្លូតត្រង់រហូតដល់ ៣០០នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្ស UN បានអះអាងក្រោយមកទៀតថា ជនស៊ីវិលប្រមាណតែ ៦០នាក់ប៉ុណ្ណោះបានស្លាប់។
ទោះបីជា ហ្គាដាហ្វី បានស្លាប់តាមបំណងពិតមែន ប៉ុន្តែតំបន់អឺរ៉ុបស្ទើរទាំងមូលត្រូវបានរងគ្រោះ ដោយសារវិបត្តិជនភៀសខ្លួនពីតំបន់អាហ្វ្រិកខាងជើង និងប្រទេសស៊ីរីនៅពេលក្រោយមកទៀត ខណៈភាពជាក់ស្តែងនៅលីប៊ីផ្ទាល់ គឺពិភពលោកបានឃើញហើយថា ទឹកដីប្រទេសនេះ ត្រូវបានហែកជាពីរ នោះគឺលីប៊ីខាងលិច និងលីប៊ីខាងកើត ដែលមានរដ្ឋាភិបាលរៀងៗខ្លួន និងកំពុងប្រយុទ្ធបង្ហូរឈាមគ្នាឯងថែមទៀត។
ប្រជាជនលីប៊ីជាច្រើន ដែលពីដំបូងឡើយធ្លាប់បានអបអរក្នុងការកម្ទេចរបបដឹកនាំ ៤២ឆ្នាំរបស់ មួអាម៉ា ហ្គាដាហ្វី ក្រោយមកទៀតបែរជាបានបង្ហាញការសោកស្តាយទៅវិញ ចំពោះការបំផ្លាញប្រទេសខ្លួនឯងពីប្រទេសសេដ្ឋីប្រេងក្នុងតំបន់ ក្លាយទៅជាទីវាលសង្គ្រាម និងការហិនហោចសេដ្ឋកិច្ចដែលពិបាកស្រោចស្រង់បំផុត។ ជាពិសេសលទ្ធិលប្រជាធិបតេយ្យ ដែលលោកខាងលិចចង់សាបព្រួសលើលីប៊ីនោះ ក៏បានត្រឹមតែឈ្មោះប៉ុណ្ណោះ៕