(វ៉ាស៊ីនតោន)៖ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ខ្លួនបានយល់ព្រមបើកផ្លូវឲ្យប្រទេសម៉ារុកទិញគ្រាប់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់បែកសម្រាប់ប្រើដោយយន្តហោះចម្បាំង សរុបជាទឹកប្រាក់ជិត១ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក សម្រាប់ការទិញមីស៊ីលប្រឆាំងរថក្រោះ BGM-71 TOW ចំនួន២,៤០០គ្រាប់ ម៉ារុកនឹងត្រូវចំណាយ៧៧៦លានដុល្លារ រីឯសម្រាប់ការទិញគ្រាប់បែកវិញ គឺត្រូវចំណាយជាង២០០លានដុល្លារទៀត ដែលសរុបទាំងអស់គឺ៩៨៥ដុល្លារ។ គ្រាប់បែកដែលម៉ារុកចង់ទិញរួមមាន MK82-1 ចំនួន៥,៨១៩គ្រាប់ MK84-4 ចំនួន៣០០គ្រាប់ និង Joint Direct Attack Munitions (JDAM) KMU-572f/B ចំនួន១០៥គ្រាប់ សម្រាប់ប្រើប្រាស់ដោយយន្តហោះចម្បាំង F-16។
គួរជម្រាបថា កាលពីប៉ុន្មានខែមុន ប្រទេសអាហ្វ្រិកខាងជើងមួយនេះ ទើបតែទទួលបានការអនុញ្ញាតឲ្យទិញយន្តហោះចម្បាំង F-16C/V Block 72 ថ្មីចំនួន២៥គ្រឿង ក្នុងតម្លៃ៣.៧៨ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក៕