(រីយ៉ាដ)៖ មូលដ្ឋានចំនួន២កន្លែងរបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco ដែលស្ថិតនៅភាគខាងកើតប្រទេស បានទទួលរងការឆាបឆេះ បង្កឡើងដោយការវាយប្រហារពីយន្តហោះដ្រូន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់អារ៉ាប៊ីសាអូឌីត គ្រោះអគ្គីភ័យដែលកើតឡើងនៅមូលដ្ឋានប្រេង Abqiaq និង Khurais របស់ក្រុមហ៊ុន Saudia Aramco នៅភាគខាងកើតប្រទេស គឺបណ្តាលមកពីការវាយប្រហាររបស់យន្តហោះដ្រូន ប៉ុន្តែមិនមានការបញ្ជាក់ថា ក្រុមណាអាចជាអ្នកនៅពីក្រោយឡើយ។ ដោយឡែក សម្រាប់ករណីវាយប្រហារលើមូលដ្ឋានប្រេងនាពេលកន្លងទៅ អារ៉ាប៊ីសាអូឌីតបានចោទលើក្រុមឧទ្ទាមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន។
គួរជម្រាបថា Saudi Aramco គឺជាក្រុមហ៊ុនប្រេងរដ្ឋ ដែលក្តោបក្តាប់វិស័យប្រេងមួយចំណែកធំ របស់ប្រទេសមហាសេដ្ឋីប្រេងនេះ៕