(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា អាចម៍ផ្កាយធំៗចំនួនពីរ ក្នុងនោះមួយដុំបានហោះកាត់ផែនដី កាលពីប៉ុន្មានម៉ោងមុននេះ និងមួយដុំទៀតនឹងហោះកាត់តាមក្រោយនៅព្រឹកស្អែក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
អាចម៍ផ្កាយទាំងពីរមានឈ្មោះថា 2010 C01 និង 2000 QW7 ដែលត្រូវបានអង្គការ NASA តាមអង្កេតជាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយគន្លងរបស់ពួកវាក៏ត្រូវបានគេដឹងច្បាស់ផងដែរ។ បើតាម NASA អាចម៍ផ្កាយ 2010 C01 ដែលមានទំហំចន្លោះ១២០-២៦០ម៉ែត្រ បានហោះកាត់ផែនដី កាលពីវេលាម៉ោង១១៖៤២នាទីយប់ថ្ងៃសុក្រ ពោលគឺប៉ុន្មានម៉ោងមុនេះ រីឯអាចម៍ផ្កាយទីពីរ គឺ 2000 QW7 ដែលមានទំហំចន្លោះ២៩០-៦៥០ម៉ែត្រ នឹងមកហោះកាត់ផែនដីយើងដែរ នៅវេលាម៉ោង០៧៖៥៣នាទីយប់ថ្ងៃសៅរ៍ ដែលត្រូវនឹងម៉ោង០៦៖៤៣នាទីព្រឹកថ្ងៃអាទិត្យនៅកម្ពុជាយើង។
គួរជម្រាបថា ចម្ងាយហោះកាត់របស់ពួកវាជាមួយផែនដី គឺស្មើនឹងចម្ងាយរវាងផែនដីនិងព្រះច័ន្ទប្រមាណ១៤ដង គឺប្រហែល៥.៦លានគីឡូម៉ែត្រឯណោះ។ អាចម៍ផ្កាយទាំងពីរ ស្ថិតក្រោមកម្មវិធីមួយរបស់អង្គការ NASA ដែលជាការតាមដានអាចម៍ផ្កាយ ដែលគោចរជុំវិញព្រះអាទិត្យ ហើយហោះកាត់ផែនដីក្នុងគម្លាត៤៨លានគីឡូម៉ែត្រចុះក្រោម៕