(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនាថ្ងៃសុក្រសប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមចោរពត៌មានវិទ្យា (Hacker) ចំនួន៣ក្រុម របស់​កូរ៉េខាងជើង ដែលជាអ្នកនៅពីក្រោយករណីវាយលុកធំៗ នាពេលកន្លងទៅ ដូចជាករណីប្រព័ន្ធទំនាក់ទំនងធនាគារហៅថា SWIFT ករណីកម្មវិធីមេរោគ WannaCry និងករណីចូលលុកលុយក្រុមហ៊ុនផលិតភាពយន្តអាមេរិក Sony Pictures ជាដើម។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា ក្រុម Hacker ទាំងនោះ ត្រូវបានគេស្គាល់ជាទូទៅថា ឡាហ្សារើស គ្រុប (Lazarus Group), ប៊្លូណ័រអហ្វ (Bluenoroff) និង អាន់ដារែល (Andariel) ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃស្ថាប័នស៊ើបការណ៍សម្ងាត់របស់ប្រទេស​កូរ៉េខាងជើង។

ក្រុមទាំង៣នេះ ត្រូវបានអាមេរិកអះអាងថា ជាអ្នកនៅពីក្រោយករណីវាយលុកដោយប្រើកម្មវិធីមេរោគ WannaCry កាលពីឆ្នាំ២០១៧ ដែលជាការជំរិតទារប្រាក់ ក៏ដូចជាករណីចូលលុកលុយប្រព័ន្ធទំនាក់ទំនងធនាគារហៅថា SWIFT ដែលអនុញ្ញាតឲ្យក្រុម Hacker អាចលួចលុយ​បានខ្ទង់ពាន់លានដុល្លារ ពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន គិតចាប់តាំងពីឆ្នាំ២០១៤មក។ ចំណែក ករណីមួយទៀតគឺការ Hack ក្រុមហ៊ុនផលិតភាពយន្តអាមេរិក Sony Pictures ដោយសារការថតរឿងបែបកំប្លែងចំណងជើងថា «The Interview» ដែលសាច់​រឿងក្នុងនោះ គឺទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានរៀបចំគម្រោងដើម្បីសម្លាប់មេដឹកនាំកូរ៉េខាងជើង ដែលមានរូបរាងនិងមុខមាត់ស្រដៀងលោក គីម ជុងអ៊ុន៕