(ញូយ៉ក)៖ មេបាតុករហុងកុង លោក ចូសហ្វ័រ វ៉ុង (Joshua Wong) ដែលកំពុងស្ថិតនៅទីក្រុងញូយ៉ក នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុង តំបន់) បានទទូចឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់បញ្ចូលលក្ខខណ្ឌស្តីពីបញ្ហាសិទ្ធិមនុស្សនៅហុងកុងទៅក្នុង កិច្ចចរចាពាណិជ្ជកម្មជាមួយចិន ហើយលោកក៏បានព្យាយាមស្វែងរកការគាំទ្ររបស់ទីក្រុងវ៉ាស៊ិនតោន សម្រាប់ចលនា តស៊ូ ដើម្បីប្រជាធិបតេយ្យនៅទីក្រុងហុងកុងផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
បន្ទាប់ពីបានទៅដល់ទីក្រុងញូយ៉ក លោក Wong បានប្រកូកប្រកាសឲ្យអ្នកនយោបាយអាមេរិក អនុម័តច្បាប់មួយដែលបង្ហាញ ការគាំទ្រដល់ចលនាតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ហើយលោកបានគូសបញ្ជាក់ថា ការបញ្ចូលលក្ខខណ្ឌ ស្តីពីសិទ្ធិមនុស្សនៅហុងកុង ទៅក្នុងកិច្ចចរចាពាណិជ្ជកម្ម និងការដាក់បញ្ហាបាតុកម្មនៅហុងកុង ទៅក្រោមរបៀបវារៈ នៃកិច្ចចរចា គឺជារឿងសំខាន់ជា ខ្លាំង។
មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ បានជាប់គាំងក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយ សហរដ្ឋអាមេរិកនិងចិន បានដំឡើងពន្ធសងសឹកលើទំនិញគ្នាទៅវិញទៅមកទំហំរាប់រយពាន់លានដុល្លារ។ យ៉ាងណាមិញ កិច្ចចរចាពាណិជ្ជកម្មជុំថ្មីរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង នឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខ ដើម្បីព្យាយាមស្វែងរកច្រកចេញ។
គួរជម្រាបថា លោក Joshua Wong បានមកដល់ទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចនៅអាល្លឺម៉ង់ ខណៈដែលលោកកំពុងព្យាយាមស្វែងយកការជ្រោមជ្រែងពីអន្តរជាតិ សម្រាប់ចលនាបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានបន្តកើតមានឡើង ប្រមាណ១៤សប្តាហ៍មកហើយ នៅទីក្រុងហុងកុង៕