(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន (USCBC) បានឱ្យដឹងថា ការនាំចេញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនកាលពីឆ្នាំ២០១៨ មានតម្លៃសរុប ១១៨ពាន់លានដុល្លារ ឬធ្លាក់ចុះ ០៧ភាគរយ បើធៀបទៅនឹងឆ្នាំមុន ដោយសារតែសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ USCBC ក៏បានបញ្ជាក់ដែរថា ការិយាល័យតំណាងសភាប្រចាំតំបន់ចំនួន ២៦៥ ក្នុងចំណោមការិយាល័យតំណាងទាំង ៤៣៥ ទូទាំងសហរដ្ឋអាមេរិកបានរកឃើញថា ទំហំនៃការនាំចេញទំនិញអាមេរិកមានការធ្លាក់ចុះ កាលពីឆ្នាំ២០១៨ ដែលខ្លាំងជាងឆ្នាំ២០១៧ ហើយការិយាល័យចំនួន ៦១ ផ្សេងទៀតមានកំណើននាំចេញតិចជាង ១០លានដុល្លារក្នុងរយៈពេលដូចគ្នា។
តែទោះជាយ៉ាងនេះក្ដី ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏ធំលំដាប់ទី ៣ ដដែលសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសកាណាដា និងម៉ិចស៊ីកូ ដោយការងារចំនួន ១.១លានកន្លែងគឺអាស្រ័យលើការនាំចេញទៅប្រទេសចិន។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍របស់ខ្លួន USCBC ក៏បានអំពាវនាវឱ្យភាគីទាំង ២ ត្រឡប់ទៅរកកិច្ចចរចាវិញផងដែរដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់សង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្ន ខណៈក្រុមមន្ត្រីអាមេរិក និងចិនត្រូវបានគេរំពឹងថា នឹងជួបគ្នាជាថ្មីនៅដើមខែតុលាខាងមុខនេះ ជាមួយក្តីរំពឹងទុកមុនថា នឹងទទួលបានលទ្ធផលវិជ្ជមាន៕