(ម៉ិចស៊ីកូ)៖ ម៉ិចស៊ីកូចង់ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការរត់ពន្ធកាំភ្លើងចូលមកក្នុងប្រទេស ម៉ិចស៊ីកូឱ្យមានប្រសិទ្ធភាព ដូចម៉ិចស៊ីកូបានទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ ចូលទៅសហរដ្ឋអាមេរិកនោះដែរ។ នេះបើតាមការលើកឡើងដោយ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Ebrard បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ម៉ិចស៊ីកូស្នើឱ្យសហរដ្ឋអាមេរិក ចាត់វិធានការឱ្យមានប្រសិទ្ធភាពដូចគ្នាទៅនឹងអ្វី ដែលម៉ិចស៊ីកូបានធ្វើពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍... ពោលគឺ ពួកគេគួរតែធ្វើកិច្ចការទប់ស្កាត់លំហូរកំាភ្លើងបន្ថែមទៀត»។
គួរបញ្ជាក់ថា បើតាមការិយាល័យប្រធានាធិបតីម៉ិចស៊ីកូ ៧០ភាគរយនៃកាំភ្លើងដែលត្រូវ បានប្រើប្រាស់ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសម៉ិចស៊ីកូ គឺមានប្រភពមកពីសហរដ្ឋអាមេរិក។ ដោយឡែកព្រោះតែសម្ពាធសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ម៉ិចស៊ីកូបានទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ ចូលទៅកាន់សហរដ្ឋអាមេរិកបាន ៥៨.៧ភាគរយ គិតត្រឹមថ្ងៃទី១០ ខែកញ្ញាកន្លងទៅនេះ៕