(ណានជីង)៖ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានរកឃើញ អម្បូរសត្វមួយប្រភេទថ្មីហៅថា Mollisonia plenovenatrix ដែលជាពពួកសត្វពីងពាង ឬសត្វតូចមានជើងច្រើន (Chelicerate) ចំណាស់ជាងគេបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
របកគំហើញនេះធ្វើឲ្យដើមកំណើតនៃពពួកសត្វ Chelicerate ដែលជាក្រុមសត្វ Arthropod មានជាង ១១៥,០០០ប្រភេដូចជា ប្រឡាំងកាស់ ខ្យាដំរី/ខ្ទួយ និងពីងពាងជាដើម ថយក្រោយរហូតដល់ជាង ៥០០លានឆ្នាំមុន។ អ្នកវិទ្យាសាស្រ្តចិន និងកាណាដា បានសហការគ្នារកឃើញអម្បូរសត្វ Chelicerate ថ្មីខាងលើនៅក្នុងតំបន់សម្បូរដោយ ហ្វូស៊ីលឈ្មោះ Burgess Shale នៅជួរភ្នំ Canadian Rockies របស់ប្រទេសកាណាដា។
គួរជម្រាបថា បើតាមក្រុមអ្នកវិទ្យាសាស្រ្តខាងលើ សត្វ Mollisonia plenovenatrix មានទំហំប្រហែលប៉ុនមេដៃ មានភ្នែកធំៗពីរលៀនចេញក្រៅ ព្រមទាំងជើងវែងៗនៅផ្នែកក្បាលរបស់វា ព្រមទាំងអវយវៈតូចៗជាច្រើនទៀត ដែលអាចប្រើសម្រាប់ សម្លាប់ ចាប់កាន់ ឬក៏កាត់ចំណីរបស់ពួកវា៕