(បរទេស)៖ តារាវិទូម្នាក់នៅតំបន់គ្រីមៀឈ្មោះ Gennady Borisov បានប្រទះឃើញវត្ថុអវកាសថ្មីមួយទៀត ដែលបានធ្វើដំណើរ ឆ្លង ចូលមកក្នុង ប្រព័ន្ធ ព្រះអាទិត្យ ហើយនាពេលនេះ អង្គការ Minor Planet បានដាក់ឈ្មោះផ្លូវការឲ្យវាថា C/2019 Q4 Borisov។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
វាគឺជាលើកទីពីរហើយដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ វត្ថុអវកាសដែលឆ្លងចូលមកក្នុងប្រព័ន្ធផ្កាយរបស់យើងបែបនេះ ដោយកន្លងទៅគឺវត្ថុមួយទៀតឈ្មោះ Oumuamua។ ថ្មអវកាស Oumuamua ត្រូវបានគេប្រទះឃើញជាលើកដំបូង នៅក្នុងប្រព័ន្ធ ព្រះអាទិត្យរបស់យើង កាលពីឆ្នាំ២០១៧។ វត្តមានរបស់ Oumuamua បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងវិស័យតារាសាស្រ្ត លើពិភពលោកយើង ដោយមតិខ្លះសង្ស័យវា ជាយានអវកាសរបស់ពួកអេលៀនថែមទៀតផង ខណៈមតិភាគច្រើនឯកភាពគ្នាថា វាគឺជាដុំថ្មអវកាស។
គួរជម្រាបថា ខណៈថ្មអវកាស Oumuamua ត្រូវអ្នកវិទ្យាសាស្រ្តប្រទះឃើញ នៅពេលដែលវាកំពុងតែចាកចេញពីប្រព័ន្ធព្រះអាទិត្យ ទៅវិញហើយនោះ វត្ថុអវកាស C/2019 Q4 Borisov ត្រូវបានប្រទះឃើញក្នុងរយៈពេលខ្លី បន្ទាប់ពីវាបានឆ្លងចូលមកក្នុងប្រព័ន្ធផ្កាយយើង ហើយទាល់តែដល់ខែធ្នូ ចុងឆ្នាំនេះ ទើបវាមកដល់ចំណុចក្បែរផែនដីបំផុត។ ប្រការនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្ត មានឱកាសក៏ដូចជា ពេលវេលាច្រើនជាងមុន ដើម្បីសិក្សាអំពីវា បើធៀបនឹងការសិក្សាលើ Oumuamua៕