(វ៉ាស៊ីនតោន)៖ ស្របពេលបណ្ដាសារព័ត៌មានរវល់នាំគ្នាចុះផ្សាយពីបាតុកម្មតវ៉ា នៅក្នុងទីក្រុងហុងកុង កងទ័ពអាកាសអាមេរិកមួយក្រុម ត្រូវបានគេរាយការណ៍ថាបានវិលត្រឡប់នាពេលថ្មីៗនេះ ទៅកាន់ប្រទេស Guyana ក្នុងតំបន់អាមេរិកខាងត្បូងជាលើកដំបូងបំផុត អស់រយៈពេលជិត១០ឆ្នាំមកនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

សារព័ត៌មាន RT ផ្អែកលើគេហទំព័រ Military.com បច្ចុប្បន្នកងទ័ពអាមេរិក ហាក់ដូចជាកំពុងឡោមព័ទ្ធ ប្រទេសវេណេស៊ុយអេឡា ក្នុងគោលបំណងធំៗចំនួន២៖ ទីមួយ គឺឡោមព័ទ្ធដើម្បីកុំឱ្យប្រទេសជាគូប្រជែង ឬសត្រូវ ដូចជាវេណេស៊ុយអេឡាពង្រីកឥទ្ធិពល និងទីពីរគឺគាំទ្រគណបក្សប្រឆាំងក្នុងការផ្លាស់ប្ដូរ ឬក៏ផ្ដួលរំលំរបបដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋឡើងវិញ។

បន្ថែមពីលើនេះ បើតាម Military.com កងទ័ពអាកាសអាមេរិកប្រហែលជាង ៦០០នាក់ បានចូលរួម ក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលសហគមន៍ និងទីជម្រកនានាសម្រាប់ស្ត្រី នៅក្នុងប្រទេស Guyana ហើយពួកគេក៏ត្រូវបានគេរាយការណ៍ផងដែរថាកំពុងធ្វើការងារសហគមន៍ជាច្រើនទៀតនៅក្បែរទីក្រុងកំពង់ផែ Port Mourant, New Amsterdam, Georgetown និងតំបន់ជនបទ Linden ជាដើម។

ប៉ុន្តែអ្នកជំនាញខ្លះ យល់ថាវត្តមានកងទ័ពអាកាសអាមេរិកនៅក្នុងប្រទេស Guyana គឺមានបំណងពង្រឹង វត្តមានយោធាឱ្យបានកាន់តែរឹងមាំជាមួយប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ខណៈសហរដ្ឋអាមេរិក កំពុងបញ្ចុះបញ្ចូលឱ្យប្រទេសក្នុងតំបន់ និងពិភពលោកគាំទ្រ លោក Juan Guaidó ដែលបានប្រកាសតែង តាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា ប្រឆាំងរបបដឹកនាំលោក ម៉ាឌូរ៉ូ។

គួរជម្រាបថា ក្រៅពី Guyana ដែលជាប្រទេសតូចមួយក្នុងតំបន់អាមេរិកខាងត្បូង ជាប់របងជាមួយប្រទេស វេណេស៊ុយអេឡា សហរដ្ឋអាមេរិក ក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថាបានដាក់ពង្រាយកងទ័ពជាង ៥,០០០នាក់ នៅក្នុងប្រទេសកូឡុំប៊ី ដើម្បីត្រៀមធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរបបដឹកនាំលោក ម៉ាឌូរ៉ូ។ ប៉ុន្តែ បច្ចុប្បន្ន នយោបាយការបរទេសអាមេរិកចំពោះវេណេស៊ុយអេឡា ហាក់ដូចជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ក្រោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន ដែលតែងតែមានគំនិតប្រើប្រាស់កម្លាំងយោធា ដោះស្រាយជាមួយទីក្រុងការ៉ាកាស់ ត្រូវបានបណ្ដេញចេញពីតំណែងនៅក្នុងសប្ដាហ៍នេះ៕