(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានផ្តល់ការយល់ព្រមចំពោះគម្រោងលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ចំនួន ៣២គ្រឿងទៅឲ្យប្រទេសប៉ូឡូញ ក្នុងតម្លៃប្រមាណ៦.៥ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) នៃក្រសួងការបរទេសអាមេរិក ប៉ូឡូញបានស្នើទិញយន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿង ព្រមទាំងម៉ាស៊ីនរបស់ពួកវាធុន Pratt & Whitney F-135 ចំនួន៣៣គ្រឿង។ ជាការឆ្លើយតប ក្រសួងការបរទេសអាមេរិកក៏បានយល់ព្រម និងបានជូនដំណឹងដល់សភាអំពីគម្រោងលក់យន្តហោះចម្បាំងនេះផងដែរ។
គួរជម្រាបថា ប៉ូឡូញទិញយន្តហោះចម្បាំងដ៏ទំនើប F-35 របស់អាមេរិក ដើម្បីយកទៅប្រើប្រាស់ជំនួសយន្តហោះចម្បាំងចាស់ៗ របស់ខ្លួនដូចជា Su-22 និង MiG-29 ដែលសល់មកតាំងពីសម័យសហភាពសូវៀត៕