(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាថ្ងៃព្រហស្បតិ៍នេះបាននិយាយថា អ៊ីស្រាអែលប្រហែលគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីធ្វើសង្រ្គាមនៅតំបន់ហ្គាហ្សា (Gaza) នោះឡើយ ដើម្បីបញ្ចប់ការបាញ់ផ្លោងមីស៊ីល ចូលមកតំបន់ភាគខាងត្បូងរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។
លោក Netanyahu បានលើកឡើងដូច្នេះថា «សង្រ្គាមនឹងក្លាយជាជម្រើសចុងក្រោយ» ប៉ុន្តែលោកបានបញ្ជាក់ថា អ៊ីស្រាអែលប្រហែលមិនមានជម្រើសផ្សេងឡើយ ក្រៅពីការបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំ ពោលគឺធ្វើសង្រ្គាមប្រឆាំងនឹងកងកម្លាំងនៅឯតំបន់ហ្គាហ្សា។
គួរជម្រាបថា ការបាញ់ផ្លោងគ្រាប់រ៉ុក្កែតនាពេលថ្មីកន្លងទៅនេះ រួមមានទាំងរ៉ុក្កែត ០២គ្រាប់ ដែលឆ្លងចូលទីក្រុង អាហ៍ដូដ (Ashdod) នៅភាគខាងត្បូងអ៊ីស្រាអែល ស្របពេលដែលលោក Netanyahu ស្ថិតនៅទីនោះ គឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធ ដែលមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) ដែលជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សាឡើយ។
ទោះជាបែបនេះក្តី លោក Netanyahu បាននិយាយថា វាគឺជាការទទួលខុសត្រូវរបស់ក្រុម Hamas ហើយលោកបានប្តេជ្ញាថានឹងកម្ទេចក្រុមនេះឲ្យបាន ដើម្បីបញ្ចប់ការគំរាមកំហែង នៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតថែមទៀត មកលើទឹកដីរបស់អ៊ីស្រាអែល៕