(ប៉ារីស)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ទឹកត្រូវបានរកឃើញជាលើកដំបូង នៅក្នុងបរិយាកាសរបស់ភពអេលៀនមួយ ដែលអាចមានកម្រិតសីតុណ្ហភាពប្រហាក់ប្រហែលនឹងផែនដី និងអាចទ្រទ្រង់ទម្រង់ជីវិតបាន តាមរយៈការប្រើប្រាស់កែវយឺតអវកាស Hubble ជាជំនួយបន្ថែមនៅក្នុងឆ្នាំ២០១៩ នេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌ មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ភពមួយនោះដែលមានឈ្មោះថា K2-18b មានម៉ាសធំជាងភពយើងបីដង និងមានទំហំធំជាងផែនដីពីរដង ហើយគន្លងគោចរវិញគឺស្ថិតនៅក្នុងតំបន់អំណោយផល ដែលគេហៅថា Habitable Zone នៃផ្កាយរបស់វា គឺមិនឆ្ងាយពេក និងមិនកៀកពេកឡើយ ដែលអាចឲ្យទឹកមានវត្តមានក្នុងទម្រង់រាវបាន នៅលើផ្ទៃស្រទាប់ខាងលើនៃភពនោះ។ K2-18b ស្ថិតនៅចម្ងាយខ្ទង់ ១១១ឆ្នាំពន្លឺពីផែនដី និងគោចរជុំវិញផ្កាយមេរបស់វាជាប្រភេទតារាក្រហម K2-18 ក្នុងរយៈពេលមួយជុំ ៣៣ថ្ងៃ។
បើតាមអ្នកវិទ្យាសាស្រ្ត ក្នុងចំណោមភពអេលៀនជាង ៤,០០០ ដែលត្រូវបានរកឃើញមកទល់សព្វថ្ងៃនេះ ភព K2-18b គឺជាភពដំបូងគេ ដែលមានផ្ទៃជាលក្ខណៈថ្មរឹង ហើយមានបរិយាកាសដែលផ្ទុកទឹក។ ភពអេលៀនភាគច្រើន ដែលមានបរិយាកាសគឺសុទ្ធតែជាភពឧស្ម័ន រីឯភពថ្មមួយចំនួនតូចវិញ គឺហាក់មិនមានស្រទាប់បរិយាកាសតែម្តង ហើយបើមានវិញភពដែលគេគិតថាដូចផែនដី ភាគច្រើនស្ថិតនៅចម្ងាយឆ្ងាយ ឬក៏កៀកពេកធៀបនឹងផ្កាយពួកវា ដែលជាហេតុធ្វើឲ្យទឹកពិបាករក្សាទម្រង់វាវត្ថុរាវ ដែលអាចឲ្យជីវិតកកើតឡើងបាន។
គួរជម្រាបថា ភព K2-18b ត្រូវបានរកឃើញកាលពីឆ្នាំ២០១៥ ដោយកែវយឺតអវកាស Kepler របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ វាគឺជាប្រភេទភព ស្ថិតនៅក្នុងចំណោមភពអេលៀន Super Earth រាប់រយទៀតដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ គឺពពួកភពស្រដៀងផែនដី តែមានម៉ាសធំជាងភពយើងជិត ១០ដង។ បើតាមអ្នកវិទ្យាសាស្រ្ត ភពអេលៀននេះអាចចាត់ទុកបានថា ជាបេក្ខភាពល្អជាងគេបំផុត ក្នុងកិច្ចប្រឹងប្រែងរុករកជីវិតនៅលើបណ្តាភព ដែលស្ថិតនៅក្រៅប្រព័ន្ធអាទិត្យ៕