Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណែងទីប្រឹក្សាសន្តិសុខជាតិអាមេរិក អាចនឹងធ្លាក់លើកណ្តាប់ដៃរដ្ឋមន្ត្រីការបរទេស Pompeo (Video inside)

12-09-2019 12:07

(វ៉ាស៊ីនតោន)៖ ប្រភពពីមន្ត្រីអាមេរិកជាច្រើននាក់ នៃរដ្ឋបាលលោក ដូណាល់ ត្រំា បានឱ្យដឹងថា លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) អាចនឹងក្លាយជាមនុស្សទី ២ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលអាចកាន់តំណែងកំពូលពីរព្រមគ្នា គឺជារដ្ឋមន្ត្រីការបរទេសផង និងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

សារព័ត៌មាន CNN ផ្អែកលើប្រភពខាងលើដដែល ដែលខ្លួនទទួលបានឱ្យដឹងទៀតថា មួយថ្ងៃក្រោយ លោក ចន បូលតុន ត្រូវបានបណ្ដេញចេញពីតំណែង ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក ក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ ជាច្រើននាក់ បាននាំគ្នាពិភាក្សាពីលទ្ធភាពផ្ដល់ការងាររបស់លោក បូលតុន ទៅឱ្យលោក ប៉ុមប៉េអូ។ ម្យ៉ាងវិញទៀត បើសិនរឿងបែបនេះកើតឡើងមែននោះ លោក ប៉ុមប៉េអូ នឹងក្លាយជាមនុស្សទី ២ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលអាចកាន់តំណែងកំពូលៗ ២ ក្នុងពេលតែមួយ បន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេស អាមេរិក លោក ហិនរី ឃីសស៊ីងហ្គឺ (Henry Kissinger) ក្រោមរដ្ឋបាលនៃអតីតប្រធានាធិបតី លោក រីឆាដ នីចសុន (Richard Nixon)។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចចិត្តបណ្ដេញលោក ចន បូលតុន ចេញពីតំណែង ដោយសារតែលោកពេញចិត្តជាខ្លាំងចំពោះលោក បូលតុន ពាក់ព័ន្ធនឹងការងារមួយចំនួនដូចជា អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ កូរ៉េខាងជើង និងវេណេស៊ុយអេឡាជាដើម។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានអះអាងដែរថា លោកនឹងប្រកាសពីបេក្ខជនជំនួសកន្លែង លោក បូលតុន នៅសប្ដាហ៍ក្រោយនេះ ខណៈបេសកកជនពិសេសទទួលបន្ទុកកិច្ចអ៊ីរ៉ង់ លោក ប្រ៊ីយ៉ាន ហ៊ុក (Brian Hook) និងលោក ស្ទេវ ប៊ីហ្គាន់ (Steve Biegun) បេសកកជនពិសេសសម្រាប់កូរ៉េខាងជើង ត្រូវបានគេមើលឃើញថា អាចជាបេក្ខជនមានសក្ដានុពលជាងគេ៕