Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកព្រមថយវិញមួយជំហានដូចគ្នា តាមរយៈការពន្យារពេលដំឡើងពន្ធលើទំនិញចិន (Video inside)

12-09-2019 10:40

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងពន្យារពេលផែនការដំឡើងពន្ធ លើផលិតផលនាំចូលពីចិនមានតម្លៃ ២៥០ពាន់លានដុល្លារ ពីថ្ងៃទី០១ ខែតុលា ទៅថ្ងៃទី១៥ ខែតុលាវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសារបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ជាកាយវិការនៃចេតនាល្អយើងបានសម្រេចចិត្ត ពន្យារពេលការដំឡើងពន្ធពី ២៥-៣០ភាគរយ លើទំនិញនាំចូលពីចិនមានតម្លៃ ២៥០ពាន់លានដុល្លារ ពីថ្ងៃទី០១ ខែតុលា ទៅថ្ងៃទី១៥ ខែតុលាវិញ»។

លោក ត្រាំ បន្ថែមថា ការពន្យារពេលផែនការដំឡើងពន្ធនេះ ធ្វើឡើងតបតាមសំណើរបស់ ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ (Liu He) និងដោយសារតែចិនត្រូវប្រារព្ធខួបលើកទី ៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលាខាងមុខនេះ។

គួរជម្រាបថា កាលពីថ្ងៃពុធកន្លងទៅ ចិនក៏បានប្រកាសលើកលែងការយកពន្ធ លើផលិតផលនាំចូលពីសហរដ្ឋអាមេរិកចំនួន ១៦មុខ ដើម្បីសម្រួលដល់កិច្ចចរចាពាណិជ្ជកម្ម រវាងក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅដើមខែតុលាខាងមុខនេះក្នុងទីក្រុងវ៉ាស៊ីនតោន៕