(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នាថ្ងៃពុធនេះ បាននិយាយថា ការស្រេកឃ្លានចង់បានសង្រ្គាមរបស់សហរដ្ឋអាមេរិកនឹងទទួលបរាជ័យ ហើយស្របពេលជាមួយគ្នា លោកបានព្រមានថា នឹងកាន់តែបន្ថយការគោរពចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។
កំឡុងកិច្ចប្រជុំមួយជាមួយគណៈរដ្ឋមន្រ្តីរបស់លោក ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នាថ្ងៃពុធនេះ លោកប្រធានាធិបតីអ៊ីរ៉ង់បាននិយាយដូច្នេះថា «អាមេរិកត្រូវតែយល់ឲ្យច្បាស់ថា ការស្រឡាញ់និងស្រេកឃ្លានចង់បានសង្រ្គាម គឺមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ ដូច្នោះហើយត្រូវតែបោះបង់គោលគំនិតបែបនេះចោលទៅ»។ លោក Rouhani បានបន្តថា «ខណៈសត្រូវបានដាក់សម្ពាធជាអតិបរមាមកលើយើង ពួកយើងត្រូវបានឆ្លើយតប តាមរយៈការតស៊ូជម្នះ» ដែលទំនងជាចង់សំដៅលើការដាក់ទណ្ឌកម្មរបស់អាមេរិក និងបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
គួរជម្រាបថា ការផ្សាយសម្តីលោក Rouhani បានកើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានចេញមុខស្វាគមន៍ចំពោះការបណ្តេញទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ចេញពីតំណែង ដោយថាការសម្រេចចិត្តនេះរបស់លោក ដូណាល់ ត្រាំ នឹងទប់ស្កាត់កុំឲ្យផ្ទុះសង្រ្គាម។
លោក Bolton ត្រូវគេស្គាល់ថា ជាអ្នកនយោបាយអាមេរិកសង្រ្គាមនិយម ដោយរូបលោកនេះហើយ គឺជាបុគ្គលដ៏សំខាន់ ដែលបានជំរុញឲ្យអតីតប្រធានាធិបតីអាមេរិកលោក ចន ដាប៊ែលយូ ប៊ូស ចូលឈ្លានពានប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០០៣។ លោក Bolton ត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។ មុនលោក Bolton មានបុគ្គលពីរនាក់ទៀតធ្លាប់កាន់តួនាទីនេះ ក្រោមរដ្ឋបាលលោក ត្រាំ គឺលោក Michael Flynn (ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧) និងលោក H. R. McMaster (ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨)៕