(ប៉េកាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះបានព្រមានថា ការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ «គឺជាផ្លូវគ្មានច្រកចេញ» ដែលនឹងនាំទៅរកភាពបរាជ័យ ហើយវានឹងបរាជ័យកាន់តែឆាប់ ប្រសិនបើពួកគេពឹងផ្អែកលើការប្រើកម្លាំងបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។
លោក ម៉ា ហ្សាវក្វាង (Ma Xiaoguang) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃរដ្ឋាភិបាលចិនបានលើកឡើងដូចខាងលើ ក្នុងកំឡុងការធ្វើសន្និសីទកាសែតមួយ នាថ្ងៃពុធនេះ។ លោក Ma បានគូសបញ្ជាក់ថា ប្រសិនបើរដ្ឋបាលកោះតៃវ៉ាន់ ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឆ្នាំ១៩៩២ ហើយប្រឆាំងនិន្នាការចង់បានឯករាជ្យ នោះទំនាក់ទំនងចិន-តៃវ៉ាន់ នឹងមានការអភិវឌ្ឍយ៉ាងប្រសើរឡើង ហើយផលប្រយោជន៍នៃប្រជាជនទាំងពីរភាគី នឹងត្រូវបានធានាព្រមទាំងពង្រឹងបន្ថែម។
ផ្ទុយទៅវិញលោក ម៉ា បានព្រមានថា បើមិនអាចធ្វើដូចកិច្ចព្រមព្រៀងទេនោះ ទំនាក់ទំនងនឹងត្រូវបំផ្លិចបំផ្លាញ ហើយស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ នឹងរងភាពរង្គោះរង្គើរ ចំណែកឯផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនកោះតៃវ៉ាន់ ក៏នឹងទទួលរងការប៉ះពាល់ផងដែរ។
គួរជម្រាបថា មកទល់ពេលនេះប្រទេសប្រមាណ ១៧៨ នៅជុំវិញពិភពលោក បានផ្សារភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយចិន ខណៈលោក Ma បានសង្កត់ធ្ងន់ថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងត្រូវបានទទួលស្គាល់ ដោយសង្គមអន្តរជាតិជាសកល។ ដោយឡែកបណ្តាប្រទេសមួយចំនួនទៀត ក៏កំពុងពិចារណាបោះចោលកោះតៃវ៉ាន់ និងងាកមកផ្សាភ្ជាប់ទំនាក់ទំនងផ្លូវការ ជាមួយចិនវិញផងដែរ៕