(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងដកទំនិញអាមេរិកចំនួន ១៦មុខចេញពីបញ្ជីដំឡើងពន្ធនាំចូល ចំពោះមុខកិច្ចចរចាពាណិជ្ជកម្មដែលគ្រោងធ្វើឡើង នៅខែតុលាខាងមុខនេះ និងជាការផ្តល់ក្តីសង្ឃឹមបន្ថែមទៀតថា វានឹងចេញលទ្ធផលវិជ្ជមាន សម្រាប់មហាយក្សសេដ្ឋកិច្ចទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។
ប្រទេសចិន និងសហរដ្ឋអាមេរិកបាននិងកំពុងផុងខ្លួនកាន់តែជ្រៅ ទៅក្នុងសង្គ្រាមដំឡើងពន្ធ រាប់រយពាន់លានដុល្លារដាក់គ្នាទៅវិញទៅមក ដោយសារតែសហរដ្ឋអាមេរិក បានចោទប្រកាន់ចិនថា បានលួចកេងចំណេញជាច្រើនលើវិស័យពាណិជ្ជកម្មជាមួយខ្លួន ខណៈចិនក៏បានអះអាងតបវិញថា វាគ្រាន់តែជានយោបាយរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដើម្បីបង្កើនប្រជាប្រិយភាពមុនការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីឆ្នាំ២០២០ និងជាការបង្អាក់សន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ដ៏ខ្លាំងក្លារបស់ចិនតែប៉ុណ្ណោះ។
ទោះបីជាបែបនេះក្តី ក្រុមអ្នកវិភាគអន្តរជាតិបានលើកឡើងស្រដៀងៗគ្នាថា សង្គ្រាមនេះមិនបានផ្តល់ផលចំណេញដល់នរណាម្នាក់ឡើយ ព្រោះទាំងអាមេរិក និងចិន សុទ្ធតែមានការខាតបង់ដូចៗគ្នា។ ដោយឡែកការប្រកាសមិនយកពន្ធពីទំនិញអាមេរិកទាំង ១៦មុខខាងលើនេះវិញ គឺនឹងត្រូវអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ និងមានសុពលភាពរយៈពេលមួយឆ្នាំ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងបែបនេះ គឺជាលើកដំបូងហើយគិតចាប់តាំងពី មហាយក្សសេដ្ឋកិច្ចទាំងពីរលើលោកនេះ បានផ្ទុះសង្គ្រាមដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ហើយទំនិញដែលចិនបានលើកលែងការដំឡើងពន្ធនាំចូលនោះ គឺមានដូចជា សាច់ត្រី ចំណីសត្វ ឧបករណ៍ស្គែនវេជ្ជសាស្ត្រ និងថ្នាំគីមីមួយចំនួន ប៉ុន្តែសម្រាប់ផលិតផលសណ្តែក និងសាច់ជ្រូក ដែលលោក ត្រាំ ចង់ឲ្យចិនលើកលែងការដំឡើងពន្ធនោះ មិនទាន់មាននៅក្នុងមុខទំនិញទាំង ១៦មុខនៅឡើយទេ។
សម្រាប់ការផ្តល់ជូនខាងលើនេះ គឺត្រូវបានធ្វើឡើងតាមការសន្យាកាលពីសប្តាហ៍មុន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក ដោយចិនក៏ចង់បានការតបស្នងមកវិញដែរ នោះគឺអាមេរិកត្រូវបន្ធូរបន្ថយសម្ពាធលើ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei និងឈប់ដំឡើងពន្ធលើទំនិញចិនតទៅទៀត៕