(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គា ឌូតឺតេ បានបង្ហើបថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្តល់កិច្ចព្រមព្រៀងដ៏ប្រសើរមួយពាក់ព័ន្ធវិស័យថាមពល ប្រសិនបើទីក្រុងម៉ានីលមិនទទួលស្គាល់ សេចក្តីសម្រេចរបស់តុលាការមជ្ឈិត្តកម្មអន្តរជាតិ ដែលប្រឆាំងនឹងទីក្រុងប៉េកាំងជុំវិញបញ្ហាវិវាទសមុទ្រចិនខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមលោក ឌូតឺតេ លោក ស៊ី ជិនពីង បានប្រាប់លោកកំឡុងជួបនាពេលកន្លងទៅថ្មីៗនេះថា ប្រសិនបើលោកមិនទទួលស្គាល់ សេចក្តីសម្រេចរបស់តុលាការមជ្ឈិត្តកម្មអន្តរជាតិ កាលពីឆ្នាំ២០១៦ ចិននឹងយល់ព្រមធ្វើជាដៃគូនៅក្នុងគម្រោងថាមពលមួយ នៅតំបន់សមុទ្រចិនខាងត្បូង ហើយឲ្យភាគីហ្វីលីពីនកាន់កាប់ភាគហ៊ុនច្រើនជាងថែមទៀត។
គួរជម្រាបថា ពាក់ព័ន្ធនឹងសម្តីខាងលើរបស់លោកប្រធានាធិបតីហ្វីលីពីន ក្រសួងការបរទេសចិន ក៏ដូចជាស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនទាន់បានធ្វើការឆ្លើយតបអ្វីនៅឡើយទេ។ ចាប់តាំងពីឡើងកាន់អំណាចមក លោក ឌូតឺតេ ហាក់ចង់ព្យាយាម ផ្សាភ្ជាប់ទំនាក់ទំនងរាក់ទាក់ជាមួយលោក ស៊ី ជិនពីង ជាមួយក្តីសង្ឃឹមថា នឹងអាចទទួលបានការវិនិយោគជាច្រើន ហើយលោកក៏បានព្យាយាម ជៀសវាងការប្រឈមមុខដោយផ្ទាល់ជាមួយចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងផងដែរ៕