(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នាថ្ងៃពុធនេះ បានធ្វើការរុះរើសមាសភាពនៃគណបក្សកាន់អំណាច LDP ហើយគណៈរដ្ឋមន្រ្តីជប៉ុនទាំងមូលបានលាលែងពីតំណែង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។
លោក អាបេ បានតែងតាំងរដ្ឋមន្រ្តីអូឡាំពិក លោក ស៊ូហ្សូគិ ស៊ូនីឈិ (Suzuki Shunichi) ជាប្រធានអគ្គក្រុមប្រឹក្សាគណបក្ស។ លោក នីកៃ តូស៊ីហ៊ីរ៉ូ (Nikai Toshihiro) នៅបន្តរក្សាតំណែងជាអគ្គលេខាធិការបក្សដូចដើម ខណៈអតីតរដ្ឋមន្រ្តីការបរទេស លោក គីហ្ស៊ីដា ហ្វូមីអូ (Kishida Fumio) ក៏នៅតែកាន់តួនាទីជា ប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយរបស់ LDP ដដែលផងដែរ។
ចំណែកឯអតីតរដ្ឋមន្រ្តីអប់រំ លោក ហ្ស៊ីម៉ូមួរ៉ា ហាគុប៊ុន (Shimomura Hakubun) នឹងឡើងជាប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តបោះឆ្នោតរបស់បក្ស ។ បើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន រដ្ឋមន្រ្តីហិរញ្ញវត្ថុលោក អាសូ តារ៉ូ (Aso Taro) និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ស៊ូហ្គា យ៉ូហ្ស៊ហ៊ីដេ (Suga Yoshihide) នឹងរក្សាតំណែងដដែល។
ជាមួយគ្នានេះលោក អាបេ ត្រូវគេរំពឹងថា នឹងតែងតាំងអតីតកីឡាការនីជិះស្គី និងជាប្រធានសហព័ន្ធកីឡាស្គីជប៉ុន លោកស្រី ហាមីម៉ូតុ សៃកុ (Hashimoto Seiko) ជារដ្ឋមន្រ្តីអូឡាំពិក ដើម្បីទទួលបន្ទុករៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ។ បន្ថែមពីនេះ លោក កូអ៊ីហ្សូមិ ហ្ស៊ីនជីរ៉ូ (Koizumi Shinjiro) ដែលជាកូនប្រុសអតីតនាយករដ្ឋមន្រ្តី កូអ៊ីហ្សូមិ (Koizumi Junichiro) ត្រូវគេរំពឹងថា ស្ថិតក្នុងចំណោមរដ្ឋមន្រ្តីថ្មីចំនួន ១៣រូប ក្នុងចំណោមរដ្ឋមន្រ្តីទាំង ១៩រូបដែលនឹងត្រូវតែងតាំង។
គួរជម្រាបថា នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អាបេ ស៊ីនហ្សូន នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចបានយូរជាងគេបង្អស់ គិតចាប់តាំងពីលោកបានត្រឡប់មកកាន់តំណែងនេះវិញ កាលពីឆ្នាំ២០១២៕