(ពិភពលោក)៖ ថ្ងៃនេះជាខួប ១៨ឆ្នាំ នៃព្រឹត្តិការណ៍ វាយប្រហារភេរវកម្ម បួនដងផ្សេងគ្នា ពីសំណាក់ក្រុមភេរវករ អាល់កៃដា នៅក្នុងដែនដី នៃប្រទេសមហាអំណាច សហរដ្ឋអាមេរិក ដោយបានកើតឡើង កាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០០១ កន្លងទៅនេះ។ ព្រឹត្តិការណ៍ ភេរវកម្មនេះ ត្រូវបានចាត់ ទុកជារបត់មួយដ៏សំខាន់ និងជូរចត់ក្នុងប្រវតិ្តសាស្រ្តសហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូល ព្រោះបានបណ្តាលឲ្យមនុស្ស ២,៩៩៦នាក់ស្លាប់ និងជាង ៦,០០០នាក់ ផ្សេងទៀត រងរបួស។

ខាងក្រោមនេះព័ត៌មានលម្អិត ជុំវិញហេតុការណ៍នេះ៖

 * គម្រោងនៃការវាយប្រហារ៖ គម្រោងនៃការវាយប្រហារនេះ ត្រូវបានរៀបចំដោយ លោក Khalid Sheikh Mohammed ដែលចូលខ្លួន បម្រើលោក Osama bin Laden ជាលើកដំបូង ក្នុងឆ្នាំ១៩៩៦។ នៅដើមឆ្នាំ១៩៩៩ លោក Bin Laden បានសម្រេចយល់ ព្រមលើគម្រោងការ វាយប្រហារនេះ។

មេដឹកនាំសំខាន់ៗរួមមាន លោក Bin Laden លោក Mohammed Atef និង លោក Mohammed បានរួមគ្នារៀបចំ គម្រោងការវាយ ប្រហារ ដូចជា ជ្រើសរើសគោលដៅវាយប្រហារ ជ្រើសរើសមនុស្ស ដើម្បីធ្វើប្រតិបត្តិការ ប្លន់យន្តហោះ និងរៀបចំ សម្រួលការធ្វើដំណើរ សម្រាប់ពួកចោរប្លន់ ទាំងនោះទៅកាន់ សហរដ្ឋអាមេរិក។

 

យ៉ាងនេះក្តី លោក Bin Laden បានបដិសេធគម្រោង គោលដៅ វាយប្រហារមួយ ចំនួនដូចជា ធនាគារ Bank Tower ក្នុងរដ្ឋ Los Angeles ជាដើម មូលហេតុដោយសារ គ្មានពេលគ្រប់គ្រាន់ សម្រាប់ការរៀបចំ។ លោក Bin Laden បានធ្វើជាអ្នកដឹកនាំ និងឧបត្ថម្ភជាថវិកា សម្រាប់រៀបចំ គម្រោង និងជាអ្នកជ្រើសរើស មនុស្សធ្វើសកម្មភាព ភេរវកម្ម។

 ក្រោយពេលព្រឹត្តិការណ៍នេះកើតឡើង គឺនៅក្នុងឆ្នាំ២០០៤ មេដឹកនាំកំពូល របស់ក្រុមភេរវករ រូបនេះ បានបង្ហើបឲ្យដឹងថា លោកបានរក ឃើញគំនិត នៃការបើកបុកអគារ ភ្លោះនេះ បន្ទាប់ពីលោក បានឃើញ ព្រឹត្តិការណ៍ បំផ្ទុះគ្រាប់បែ កទៅលើអគារខ្ពស់មួយ ក្នុងអំឡុងនៃសង្គ្រាម នៅប្រទេស លីបង់កាលពី ឆ្នាំ១៩៨២ កន្លងទៅនេះ។

បុគ្គលសំខាន់ៗ មួយចំនួន ត្រូវបានជ្រើសរើស ជាមេដឹកនាំក្រុម សម្រាប់ ធ្វើសកម្មភាពប្លន់យន្តហោះ ហើយមួយចំនួន ទៀតត្រូវបានតែងតាំង ត្រឹមជាជំនួយការ ប៉ុណ្ណោះ ដោយសារពួក គេខ្វះចំណេះដឹង ភាសាអង់គ្លេស ដែលធ្វើឲ្យមាន ភាពលំបាក ក្នុងការហ្វឹកហាត់បើកបរ យន្តហោះ។
នៅចុងឆ្នាំ១៩៩៩ បុរសបួននាក់ បានធ្វើដំណើរមកពីទីក្រុង Hamburg ប្រទេស អាឡឺម៉ង់ រួមមានលោក Mohamed Atta លោក Marwan al-Shehhi លោក Ziad Jarrah និងលោក Ramzi bin al-Shibh។ បុរសជើងខ្លាំងទាំងនេះ ត្រូវបានជ្រើសរើសដោយសារទទួលបានការអប់រំខ្ពស់ មានចំណេះដឹងភាសាអង់គ្លេស និងមានបទពិសោធន៍រស់នៅប្រទេសលោកខាងលិច។

ចំណែក លោក Hani Hanjour ធ្លាប់មានលិខិត អនុញ្ញាតធ្វើជាអ្នកបើកបរ យន្តហោះស្រាប់ ហើយលោកផ្ទាល់ បានបង្រៀនពួកភេរវករ ផ្សេងទៀត ពីរបៀបរស់នៅ កុម្មង់អាហារ និងការស្លៀកពាក់បែប លោកខាងលិច។ បន្ទាប់ពីការ ជ្រើសរើសរួចរាល់ ហើយ ក្រុមប្រតិបត្តិការ ប្លន់យន្តហោះ បានទៅទទួលវគ្គ ហ្វឹកហាត់ដើម្បីរៀន បើកយន្តហោះ ឲ្យកាន់តែស្ទាត់ ជំនាញ ព្រមទាំងធ្វើ ដំណើរទៅកាន់ សហរដ្ឋអាមេរិក ដោយក្នុងនោះ មួយចំនួន បានប្រើប្រាស់ លិខិតឆ្លងដែន ខុសច្បាប់។

* ការស៊ើបអង្កេតមុន ភេរវកម្មកើតឡើង៖ ការពិតទៅ មុនពេលហេតុការណ៍នេះ កើតឡើង មនុស្សជាច្រើន មានការសង្ស័យរួចទៅហើយ ទៅលើក្រុមភេរវករ ទាំងនោះ។ ជាក់ស្តែងក្រុម ចង់សម្ព័ន្ធជា មួយFBI បានស្នើផ្តល់ដំណឹងដល់ ក្រុមស៊ើបអង្កេត ទាំងនោះ តែបែរជាមាន ការបដិសេធថា នេះមិនមែនជាកិច្ចការរបស់ FBI ទៅវិញ។

នៅចុងខែមិថុនាឆ្នាំ១៩៩៩ លោក Richard Clarke មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកប្រឆាំង ភេរវកម្ម និង លោក George Tenet ប្រធានភ្នាក់ងារ ស៊ើបអង្កេត CIA បានអះអាងថា «ការវាយប្រហារ ដ៏ធ្ងន់ធ្ងរមួយ ទំនងជាអាចកើត ឡើងនៅប្រទេស អ៊ីស្រាអែល ឬអារ៉ាប៊ីសាអូឌីត»។ ហើយនៅដើម ខែកក្កដា ឆ្នាំដដែល លោក Clarke បានដាក់ការព្រមាន យ៉ាងធ្ងន់ធ្ងរ ជាថ្មីថា «ការវាយប្រហារដ៏ ពិតប្រាកដមួយ នឹងកើតឡើងឆាប់ៗ ក្នុងពេល ខាងមុខ»

មិនតែប៉ុណ្ណោះលោកបានស្នើក្រុម FBI និងក្រសួងការបរទេស ធ្វើការក្រើនរំលឹកដល់បណ្តាស្ថានទូត ប៉ុស្តិ៍ប៉ូលីស និងក្រសួងការពារជាតិ បន្ទាប់ពីរកឃើញថា ក្រុមភេរវករអាល់កៃ ដា បានធ្វើដំណើរមកកាន់ដែនដី សហរដ្ឋអាមេរិក ហើយកាន់តែ ចម្លែកនោះ គឺពួកគេកំពុងចូលរៀន នៅសាលាបើកបរយន្តហោះ ថែមទៀតផង។ កាន់តែសំខាន់នោះ គឺពួកគេ អាចដឹងរហូត ដល់ព័ត៌មាន លម្អិតនៃភេរវករ ម្នាក់ៗ។ ជាអកុសល្យ សហរដ្ឋអាមេរិក នៅតែមិនអាចបង្ការ សោកនាដកម្មនេះ បានឡើយ។

* ការវាយប្រហារ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា កាលពី១៥ឆ្នាំមុន ក្រុមភេរវករ១៩នាក់ បានចាប់ផ្តើមធ្វើសកម្មភាព ប្លន់យន្តហោះដឹកអ្នក ដំណើរខ្នាតធំ ដែលមានគោលដៅ ឆ្ងាយៗ មូលហេតុ ដោយសារយន្តហោះ ទាំងនោះ មានផ្ទុកប្រេង ច្រើន ដែលអាចបង្ក ការបំផ្លិចបំផ្លាញ ច្រើនជាងធម្មតា។ យន្តហោះ ទាំងបួនរួមមាន៖

១៖ យន្តហោះ American Airlines Flinght 11 ប្រភេទអ៊ីង៧៦៧ មានសហសេវិក១១នាក់ រួមជាមួយអ្នកដំណើរ៧៦នាក់ និងចោរប្លន់៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង ៧ និង៥៩នាទី ក្នុងគោលដៅទៅកាន់រដ្ឋ Lost Angeles តែក្រុមចោរបានបើកយន្តហោះ ទៅបុកអគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញ៉ូវយកនៅវេលាម៉ោង៨ និង៤៦នាទីព្រឹក។

២៖ យន្តហោះ United Airlines Flinght 175 ប្រភេទបូអ៊ីង៧៦៧ មានសហសេវិក៩នាក់ អ្នកដំណើរ៥១នាក់ និងចោរប្លន់៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង៨ និង១៤នាទី ក្នុងគោលដៅទៅកាន់រដ្ឋ Lost Angelesដូចគ្នា។ ក្រុមភេរវករបានបើកយន្តហោះទៅបុកអគារពាណិជ្ជកម្មមួយទៀតដែលនៅទិសខាងត្បូង នៅវេលាម៉ោង៩ និង០៣នាទី។

៣៖ យន្តហោះទីបី American Airlines Flight 77 ប្រភេទបូអ៊ីង៧៥៧ ចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Washington Dulles នៅវេលាម៉ោង៨ និង២០នាទីក្នុងគោលដៅទៅកាន់រដ្ឋ Los Angeles ជាមួយនឹងសហសេវិក៦នាក់ និងអ្នកដំណើរ៥៣នាក់ ចោរប្រាំនាក់ បានបើកយន្តហោះទៅបុកមន្ទីរបច្ចុកោណ ក្នុងរដ្ឋ Viginia នៅវេលាម៉ោង៩ និង៣៧នាទីព្រឹក។

៤៖ យន្តហោះទីបួន United Airlines Flight 93 ប្រភេទ៧៥៧ បានចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Newark នៅវេលាម៉ោង ៨និង៤២ព្រឹក ក្នុងគោលដៅទៅកាន់រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ជាមួយនឹងសហសេវិក ៧នាក់ អ្នកដំណើរ ៣៣នាក់ និងចោរ ៤នាក់។ ដោយសារអ្នកដំណើរបានដឹងពីបញ្ហានេះជាមុន ពួកគេប្រឈមមុខគ្នាជាមួយភេរវករ ធ្វើឲ្យយន្តហោះមិនបានបុកអគារណាមួយឡើយ តែបែរជាធ្លាក់ទៅកាន់ទីវាលក្នុងរដ្ឋ Pennsylvania នៅវេលាម៉ោង១០ និង០៣នាទីព្រឹក។

អគារភ្លោះខាងជើងបានដួលនៅវេលាម៉ោង ៩៖៥៩នាទីព្រឹក បន្ទាប់ពី ឆាបឆេះ ក្នុងរយៈពេល ៥៦នាទី ដោយសារអណ្តាត ភ្លើងបណ្តាល មកពីការ ផ្ទុះប្រេង របស់ យន្តហោះ។ ចំណែកអគារភ្លោះខាងត្បូង បានដួលនៅវេលាម៉ោង ១០៖២៨នាទីព្រឹក បន្ទាប់ពីការឆាបឆេះក្នុងរយៈពេល ១០២នាទី។

តាមការសន្និដ្ឋានបានឲ្យដឹងថា ក្រុមភេរវករ នៅយន្តហោះទីបួនទំនងមានគោលដៅ បើកយន្តហោះបុកអគារ Capitol ឬសេតវិមានរបស់ សហរដ្ឋអាមេរិក។

តាមរយៈឧបករណ៍ ថតសម្លេង Cockpit Voice recorder បានបង្ហាញថា ក្រុមសហសេវិក និងអ្នកដំណើរ ព្យាយាមដណ្តើម កាន់ចង្កូតយន្តហោះ ពីក្រុមចោរ បន្ទាប់ពី ទទួលដំណឹងថា យន្តហោះបីគ្រឿង ត្រូវបានបើកបុក អគារសំខាន់ៗ។ ហេតុនេះចោរក៏សម្រេចបើកបុកទីវាលតែម្តង។
នៅមុនពេលយន្តហោះផ្ទុះ អ្នកដំណើរ និងសហសេវិក បានប្រើប្រាស់ទូរសព្ទក្នុងបន្ទប់បើកបរយន្តហោះ ឬទូរសព្ទផ្ទាល់ខ្លួនដោយរាយការណ៍ថា ក្រុមចោរប្លន់បីបួននាក់ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ឬស្ប្រាយ៍ ដើម្បីទប់ទល់នឹងអ្នកបម្រើលើយន្តហោះ។ ពួកភេរវករបានចាក់ និងសម្លាប់អ្នកបើកបរ អ្នកបម្រើលើយន្តហោះ ឬអ្នកដំណើរមួយចំនួន។

តាមការស្រាវជ្រាវបានរកឃើញថា ពួកចោរធ្លាប់បានទិញឧបករណ៍មួយចំនួន និងកាំបិតប្រភេទម្យ៉ាងដែលកាលនោះមិនត្រូវបានហាមឃាត់សម្រាប់ការធ្វើដំណើរតាមយន្តហោះឡើយ។ ជាមួយគ្នានេះដែរ អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះបានលើកឡើងថា ចោរមានប្រដាប់ដោយគ្រាប់បែក យ៉ាងនេះក្តីអ្នកដំណើរម្នាក់បែរជាលើកឡើងថា គ្រាប់បែកនោះក្លែងក្លាយទៅវិញ។

ចំណែកក្រុម FBI ក៏ពុំបានរកឃើញសារធាតុផ្ទុះ ណាមួយនៅទីតាំងបុកយន្តហោះឡើយ។ ទើបមានការសន្និដ្ឋានថា គ្រាប់បែកនោះពិតជាក្លែងក្លាយពិតមែន។ គ្រប់បណ្តាញសារព័ត៌មាន បានធ្វើការផ្សព្វផ្សាយ បន្ទាប់ពីហេតុការណ៍វាយប្រហារទីមួយបានកើតឡើង។

* ចំនួនអ្នកស្លាប់ និងផលខូចខាត៖ ខាងក្រោមនេះ ជារបាយការណ៍ អំពីអ្នកស្លាប់ នៅក្នុងទីតាំង រងគ្រោះ ទាំងអស់៖

• អគារពាណិជ្ជកម្មនៅទីក្រុងញ៉ូវយក៖ យន្តហោះAmerican11 មានមនុស្ស ៨៧នាក់ ភេរវករ៥នាក់ ចំណែកយន្តហោះ United175 មានមនុស្ស ៦០នាក់ ភេរវករ ៥នាក់ រួមទាំងអ្នកនៅលើអគារភ្លោះ ទាំងពីរមានចំនួន ២,៦០៦នាក់។

• បញ្ជីរបញ្ចកោណនៅទីក្រុងArlington ៖ យន្តហោះ American77 មានមនុស្ស៥៩នាក់ ភេរវករ៥នាក់ រួមទាំងមនុស្សនៅក្នុងមន្ទីរបញ្ចកោណ១២៥នាក់។

• ទីវាលនៅ Shanksville: យន្តហោះ United 93 មានមនុស្ស៤០នាក់ និងភេរវករ៤នាក់

សរុបជារួម ក្នុងហេតុការណ៍នេះមានមនុស្សស្លាប់ប្រមាណ ២.៩៩៦នាក់ និងជាង ៦,០០០នាក់ផ្សេងទៀតរងរបួស។ កុមារប្រមាណជាង ៣,០០០នាក់ បាត់បង់ឪពុកម្តាយរបស់ខ្លួន។

រហូតមកដល់ឆ្នាំ២០០៦កន្លងទៅនេះ បំណែកឆ្អឹងមនុស្សជាងច្រើនទៀត នៅតែត្រូវបានរកឃើញបន្ត ដែលធ្វើឲ្យយើងមិនអាចសន្និដ្ឋាន ពីចំនួនអ្នកស្លាប់បានពិតប្រាកដបានឡើយ។

មិនត្រឹមតែបាត់បង់ជីវិតមនុស្សប៉ុណ្ណោះទេ ព្រឹត្តិការណ៍១១កញ្ញា ២០០១នេះបានឲ្យសហរដ្ឋអាមេរិកខាតទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ ដោយសារការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះ។

ការវាយប្រហារនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចនៃតំបន់ Lower Manhattan ដែលជាផ្នែកមួយនៃទីក្រុង ញ៉ូយក ក៏ដូចជាបង្កផល ប៉ះពាល់ជាខ្លាំង ទៅលើទីផ្សារ ពិភពលោក ជាក់ស្តែងដូចជា ទីផ្សារភាគហ៊ុន Wall Street ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក និងកាណាដា ជាដើមត្រូវបិទដំណើរការ មួយរយៈជាដើម។ ស្ថាប័ន និងគម្រោង ការងារជាច្រើន ត្រូវបានបិទទ្វារ និងលុបចោល ចំណែកប្រជាពលរដ្ឋ មួយចំនួនបាន ផ្លាស់ទី រងផលប៉ះពាល់សុខភាព ដោយសារ កំទិចផេះ ប៉ះពាល់ដល់ សតិអារម្មណ៍ ដោយបារម្ភ ខ្លាចមានការវាយប្រហារ សារជាថ្មី។

ការបោសសម្អាតអគារភ្លោះបានចប់សព្វគ្រប់នៅខែឧសភា ២០០២ ដោយឡែកមន្ទីរបច្ចកោណបានជួសជុលរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ការសារសង់ អគារពាណិជ្ជកម្ម ពិភពលោក បានចាប់ផ្តើមជាថ្មី នៅទីតាំង ដដែល ហើយបើកដំណើរការជាផ្លូវការ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ។ សំណង់ស្ថាប័ត្រ កម្មជាច្រើន ត្រូវបានកសាងឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ សោកនាកម្មនេះ ជាក់ស្តែង ដូចជា សារមន្ទីរជាតិ National September 11 Memorial & Museum នៅទីក្រុងញ៉ូយក, អគារ Pentagon Memorial ក្នុងទីក្រុង Arlington, ក៏ដូចជាសំណង់ Flight 93 National Memorialនៅទីវាលក្បែរ Shanksville ជាដើម។

 * កត្តាអ្វីជម្រុញឲ្យការវាយប្រហារកើតឡើង, មូលហេតុដែលជម្រុញឲ្យលោក ប៊ិនឡាដិន មេដឹកនាំភេរវករអាល់កៃដាលំដាប់ពិភពលោក អូសទាញមនុស្សឲ្យរៀបចំគម្រោងវាយប្រហារ ដោយសារកត្តាជាច្រើន ដែលកត្តាទាំងនោះត្រូវបានក្រុមស៊ើបអង្កេតរកឃើញ ក្នុងសេចក្តីប្រកាសដែលចុះហត្ថលេខាយល់ព្រមដោយលោកផ្ទាល់ ដែលក្នុងនោះមានដូចជា៖

 • សហរដ្ឋអាមេរិកគាំទ្រប្រទេស អ៊ីស្រាអ៊ែលដែលជាគូសត្រូវសួរពូជរបស់ពួកម៉ូស្លីម

• សហរដ្ឋអាមេរិកគាំទ្រការវាយប្រហារប្រឆាំងពួកម៉ូស្លីមនៅប្រទេស សូម៉ាលី

• រដ្ឋាភិបាលគាំទ្រសហរដ្ឋអាមេរិកសម្តែងឥរិយាបទប្រឆាំងផលប្រយោជន៍ពួកម៉ូស្លីម

• ការគាំទ្រឥណ្ឌាដែលធ្វើការគៀបសង្កត់ពួកម៉ូស្លីម ក្នុងតំបន់កាស្មៀ

• វត្តមានយោធាសហរដ្ឋអាម៉េរិកក្នុងប្រទេស អារ៉ាប៊ីសាអូឌីត

• ការដាក់ទណ្ឌកម្មទៅលើប្រទេស អ៊ីរ៉ាក់

តាមកាវិភាគមួយបានលើកឡើងថា ប្រសិនបើគ្មានវត្ថមានយោធាអាមេរិកនៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសកំណើតរបស់លោក អូសាម៉ាប៊ីនឡាដិនទេនោះ លោកក៏មិនអាចអូសទាញមនុស្ស ឲ្យពលីជីវិតដើម្បីធ្វើ ប្រតិបត្តិការសម្លាប់ មនុស្សច្រើនបែបនេះឡើយ។

* ប្រតិកម្ម និងវិធានការ៖ ដំបូងឡើយ មេដឹកនាំក្រុម អាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន ប្រកាសថា មិនពាក់ព័ន្ធនឹងការវាយប្រហារនេះ ឡើយ ប៉ុន្តែក្រោយមកក្នុងឆ្នាំ២០០៤ លោកបាន សារភាពថា ពិតជាបានរៀបចំ គម្រោងវាយប្រហារ នេះពិតមែន។ បើទោះបីជាខំរត់គេច ពីការចាប់ខ្លួន អស់រយៈពេលជិតមួយ ទសវត្សរ៍ក្តី តែទីបំផុតមេដឹកនាំ ភេវរករកំពូល លំដាប់ពិភពលោក រូបនេះ ត្រូវបានចាប់ខ្លួន និងសម្លាប់ដោយ សមាជិកយោធាសហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ។

អង្គការរបស់ជនជាតិម៉ូស្លីម នៅសហរដ្ឋអាមេរិក បានធ្វើការថ្កោលទោស យ៉ាងខ្លាំងទៅលើការវាយប្រហារនេះ ព្រមទាំងអំពាវនាវដល់ ប្រជាពលរដ្ឋអាមេរិក ឥស្លាម ប្រើប្រាស់ ជំនាញ និងធនធានរបស់ ខ្លួន ដើម្បី ជួយដល់ជនរងគ្រោះ និងក្រុមគ្រួសារ តាមរយៈប្រាក់ ឧបត្ថម្ភ ផ្តល់ឈាម ថ្នាំពេទ្យ អាហារ និងជម្រកស្នាក់ នៅសម្រាប់ ជនរងគ្រោះ។

ការវាយប្រហារ នេះក៏ត្រូវបាន បដិសេធ និងថ្កោលទោស យ៉ាងខ្លាំង ពីសំណាក់បណ្តាញ សារព័ត៌មាន និងរដ្ឋាភិបាល ទូទាំង ពិភពលោក។

សហរដ្ឋអាមេរិក បានសងសឹកការ វាយប្រហារនេះ តាមរយៈការប្រកាស សង្គ្រាមជាមួយក្រុម ភេវរករ ដោយការដាក់ ពង្រាយទ័ពនៅ តាមបណ្តាប្រទេស មួយចំនួន ដែលជាជម្រករបស់ ពួកអាល់កៃដា ព្រមទាំងបើកការ វាយប្រហារប្រទេស អាហ្គានីស្ថាន ដើម្បីបោសសម្អាត ក្រុមតាលីបង់ ដែលនៅពីក្រោយ ពួកអាល់កៃដា។ ជាមួយគ្នា នេះដែរ បណ្តារប្រទេសជា ច្រើនលើពិភពលោក បានរួមគ្នាពង្រឹង វិធានការណ៍ ការបង្កើតច្បាប់ និងភ្នាក់ងារស៊ើប អង្កេតយ៉ាងដិតដល់ ក្នុងគោលដៅ បង្ការកុំឲ្យសោកនាដកម្ម ដ៏ធ្ងន់ធ្ងរបណ្តាល មកពីសកម្មភាព ភេរវកម្ម កើតឡើងជាថ្មីម្តង ទៀត៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា