(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្តេញទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ចន បូលតុន ចេញពីតំណែង, នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក ត្រាំ បានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិថ្មី នឹងត្រូវតែងតាំងនៅសប្តាហ៍ក្រោយ។
ការបណ្តេញចេញពីតំណែងនេះបានធ្វើឡើង ស្របពេលដែលមានរបាយការណ៍ ក្នុងការបែងចែកគណៈរដ្ឋមន្ត្រីរបស់លោក ត្រាំ ស្តីពីគម្រោងសន្តិភាព ដែលត្រូវបានលុបចោល ក្នុងការអញ្ជើញក្រុមតាលីបង់ ទៅកាន់អាមេរិក។
លោក បូលតុន គឺជាទីប្រឹក្សាសន្តិសុខជាតិទី៣ របស់លោកត្រាំ បន្ទាប់ពីលោក ម៉ៃឃើលហ្វ្រីង និងលោក អេចអ ម៉េកម៉ាស្ទើ។
លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ស្តេហ្វានី ហ្គីសាម បានប្រាប់ឲ្យដឹងថា៖ «លោកប្រធានាធិបតី មិនចូលចិត្តលើគោលនយោបាយជាច្រើនរបស់លោក បូលតុន, គំនិតយោបល់អ្នកទាំងពីរមិនស្របគ្នា»។
នៅក្នុងការឆ្លើយតបនោះ, លោក បូលតុន បានបង្ហោះសារនៅលើប្រព័ន្ធ Twitter ថា លោកបានដាក់ពាក្យលាលែងចេញពីតំណែងនៅយប់ថ្ងៃចន្ទ។
លោក បូលតុន បានជំទាស់ទៅនឹងកិច្ចពិភាក្សាសន្តិភាព ជាមួយនឹងក្រុមឧទ្ទាមតាលីបង់ ដែលលោកប្រធានាធិបតី បានបោះបង់ចោល កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបានអញ្ជើញក្រុមតាលីបង់ ទៅកាន់អាមេរិក ដើម្បីពិភាក្សាស្វែងរកសន្តិភាព៕