(តូក្យូ)៖ ក្រុមផលិតថាមពលអគ្គិសនីជប៉ុន Tokyo Electric Power នឹងត្រូវបង្ខំចិត្តបង្ហូរទឹកផ្ទុកដោយសារធាតុវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushiama) របស់ខ្លួន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយសារតែលែងមានកន្លែងស្តុកទុកទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ រដ្ឋមន្រ្តីបរិស្ថានជប៉ុនលោក ហារ៉ាដា យូស៊ីគិ (Harada Yoshiki) បាននិយាយថា បើតាមការយល់ឃើញរបស់លោក ជប៉ុនមានជម្រើសតែមួយគត់ នោះគឺត្រូវបង្ហូរទឹកដែលផ្ទុកសារធាតុវិទ្យុសកម្ម ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន ក្រោយទទួលបានរបាយការណ៍ពីក្រុមអ្នកជំនាញ។
គួរជម្រាបថា ក្រុមហ៊ុន Tokyo Electric Power ឬ Tepco បានស្តុកទុកទឹកដែលផ្ទុកសារធាតុវិទ្យុសកម្មចំណុះជាង ១លានតោនដែលប្រើប្រាស់ ដើម្បីទប់ស្កាត់កុំឲ្យស្នូលឥន្ធនៈនុយក្លេអ៊ែរនៃរោងចក្រ Fukushiama រលាយ ចាប់តាំងតែពីរោងចក្រនុយក្លេអ៊ែរនេះ បានរងការបំផ្លិចបំផ្លាញដោយសាររញ្ជួយដី និងរលកស៊ូណាមិឆ្នាំ២០១១ ដែលកាលណោះបានផ្តាច់ជីវិតមនុស្សខ្ទង់ ២០,០០០នាក់៕