(អាឡេប៉ូ)៖ អាជ្ញាធរស៊ីរីបាននិងកំពុងជួសជុលឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងទីក្រុងអាឡេប៉ូ (Aleppo) ដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម ក្នុងនោះផ្សារលក់ម្ហូបអាហារ សួកអាល់ហាល់ (Souq al-Hal) ក៏ត្រូវបានគេរំពឹងផងដែរថា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរស៊ីរីរាល់បណ្ដាញទំនាក់ទំនង និងទីផ្សារ នឹងត្រូវបានជួសជុលកែលម្អឡើងវិញ ហើយមិនតែប៉ុណ្ណោះផ្សារទំនើបថ្មីមួយ ក៏នឹងត្រូវសាងសង់នៅក្បែរផ្សារលក់ម្ហូបទៀតផង ដើម្បីជួយចូលរួមចំណែកស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។ វាជាការស្តារឡើងវិញដ៏ត្រដាបត្រដួស តែមិនវេទនាដូចខេត្តដារ៉ាអានោះឡើយ ដែលទីនោះគឺរងការខ្ទេចខ្ទាំបំផុត ដោយសារតែសង្គ្រាមដែលបានអូសបន្លាយជាង ៨ឆ្នាំ។
សង្រ្គាមស៊ីរីបានផ្ទុះឡើងតាំងពីឆ្នាំ២០១១ ហើយវាបានធូរស្រាលខ្លាំងឈានមកដល់ឆ្នាំ២០១៩ ហើយបើទោះជាការវាយប្រយុទ្ធគ្នា នៅតែបន្តកើតឡើងក៏ដោយ ក៏អ្វីដែលជារឿងសំខាន់បច្ចុប្បន្ននេះ គឺស្វែងរកដំណោះស្រាយនយោបាយ និងជួយសម្រួល ដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនស៊ីរីរាប់លាននាក់ ដែលកំពុងរស់នៅបណ្តាប្រទេសជិតខាងដូចជាតួកគី អ៊ីរ៉ាក់ លីបង់ ហ្សកដានី និងជាពិសេសនៅទ្វីបអ៊ឺរ៉ុបតែម្តង។
គួរបញ្ជាក់ថា ស៊ីរីគឺជាប្រទេសដ៏ចំណាស់មួយនៅពិភពអារ៉ាប់ ដែលមានអរិយធម៌ជាង ៥,០០០ឆ្នាំ ហើយប្រទេសនេះនៅមុនសង្គ្រាមឆ្នាំ២០១១ ក៏មានសេដ្ឋកិច្ចរីកចំរើនខ្លាំងផងដែរ ដោយសារតែវិស័យទេសចរណ៍ដ៏រីកចំរើន និងការនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោក ដែលស្មើនឹងជាង ២៥ភាគរយ នៃប្រាក់ចំណូលជាតិសរុបនៅឆ្នាំ២០១០ ជាមួយនឹងប្រជាជនជាង ២០លាននាក់។ ប៉ុន្តែក្រោយកើតមានសង្គ្រាម អ្វីៗគ្រប់យ៉ាងស្ទើរធ្លាក់ដល់ចំណុចសូន្យតែម្តង ខណៈប្រជាជនដែលបានស្លាប់ដោយសារសង្គ្រាម គិតត្រឹមឆ្នាំ២០១៨ គឺមានចំនួនជាងកន្លះលាននាក់៕