(សិង្ហបុរី)៖ កន្លងមកធ្លាប់តែមានមតិភាគច្រើនយល់ឃើញថា សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន នឹងជះផលអាក្រក់ដល់ពិភពលោកទាំងមូល បែរជាពេលនេះរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ចៃសានការ (Jaishankar) បាននិយាយថា សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្ស សេដ្ឋកិច្ចពិភពលោកទាំងពីរ ប្រហែលមិនមែនជារឿងអាក្រក់ណាស់ណាឡើយ ប្រសិនបើលទ្ធផលកើតចេញមក គឺការជ្រៀតចូលទីផ្សារដែលមានតម្លាភាពជាងមុន នៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។
កំឡុងការផ្តល់កិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានសិង្ហបុរី CNA លោកប្រមុខការទូតឥណ្ឌា គូសបញ្ជាក់ថា ប្រទេសលោកមានបញ្ហាលំបាកផ្នែកពាណិជ្ជកម្មទាំងជាមួយចិន និងជាមួយអាមេរិក ជាពិសេសគឺពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្ម ឬតម្លាភាពនៃការជ្រៀតចូលទីផ្សារ ដូច្នេះហើយបើសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក អាចផ្តល់នូវលទ្ធផលជ្រៀតចូលទីផ្សារ ប្រកបដោយតម្លាភាពជាងមុន នៅជុំវិញពិភពលោកនោះ វាប្រហែលមិនជារឿងអាក្រក់ប៉ុន្មាននោះឡើយ។
គួរជម្រាបថា លោក Jaishankar ត្រូវបាននាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី តែងតាំងជារដ្ឋមន្រ្តីការបរទេសកាលពីខែ ឧសភា ឆ្នាំ២០១៩នេះ។ ចំពោះមុខសង្គ្រាមពាណិជ្ជកម្មដែលមិនដឹងទិសតំបន់នេះ បណ្តាប្រទេសនានាលើលោកសុទ្ធតែព្រួយបារម្ភខ្លាំង ព្រោះការវិនិយោគធំៗនៅលើពិភពលោក គឺភាគច្រើនបំផុតចេញមកពីប្រទេសសេដ្ឋកិច្ចយក្សទាំងពីរ ដែលស្មើនឹងជាង ៣០% នៃទំហំសេដ្ឋកិច្ចសកល៕