(ម៉ូស្គូ)៖ ការធ្វើតេស្តជាផ្លូវការនៃឧទ្ធម្ភាគចក្រប្រយុទ្ធ MI-24P-1M ដែលបានឆ្លងកាត់ការធ្វើទំនើបកម្មដំបូងគេនោះ នឹងចាប់ផ្តើមប្រព្រឹត្ត ទៅក្នុងអំឡុងពេលមួយឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ក្រោយក្រុមហ៊ុនផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាសព្វាវុធរុស្ស៊ី KRET បានធ្វើទំនើបកម្មលើឧទ្ធម្ភាគចក្រ MI-24P-1M ក្រសួងការពារជាតិរុស្ស៊ីនឹងចាប់ផ្តើមធ្វើតេស្តលើឧទ្ធម្ភាគចក្រប្រយុទ្ធមួយគ្រឿងដំបូងនេះ ក្នុងអំឡុងពេលមួយឆ្នាំ ដើម្បីពិនិត្យមើលរាល់សមត្ថភាពទាំងអស់របស់វា។
គួរជម្រាបថា ឧទ្ធម្ភាគចក្រ MI-24 ត្រូវបានយោធាអតីតសហភាពសូវៀត ដាក់ប្រើប្រាស់ជាលើកដំបូងតាំងតែពីឆ្នាំ១៩៧៦។ យ៉ាងណាមិញបន្ទាប់ ពីទទួលបានការធ្វើទំនើបកម្មក្លាយជាស៊េរី MI-24P-1M វាបានប្រែខ្លួនជាឧទ្ធម្ភាគចក្រប្រយុទ្ធ ដែលប្រើប្រព័ន្ធឌីជីថលសុទ្ធពិតៗ ខណៈ៩០ភាគរយនៃគ្រឿងបរិក្ខា និងប្រព័ន្ធគ្រប់គ្រងរបស់វាត្រូវបានប្តូរ ឬក៏កែលម្អ៕