Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CEO របស់ក្រុមហ៊ុនជប៉ុន Nissan បង្ហាញចេតនាលាលែងពីតំណែង! (Video inside)

09-09-2019 18:22

(តូក្យូ)៖ លោក ហ៊ីរ៉ូតូ សៃកាវ៉ា (Hiroto Saikawa) នាយក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor នាថ្ងៃចន្ទនេះ បានបង្ហាញចេតនាចង់ចុះចេញពីតួនាទី ក្រោយពីបានទទួលសារភាពចំពោះលទ្ធផល នៃការស៊ើបអង្កេតផ្ទៃក្នុងមួយរបស់ក្រុមហ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះ លោក Saikawa បាននិយាយដូច្នេះថា «ខ្ញុំនឹងធ្វើអ្វីដែលចាំបាច់ ខណៈខ្ញុំនៅជានាយករបស់ក្រុមហ៊ុន Nissan ហើយផ្ទេរតំណែងទៅឲ្យអ្នកដទៃឲ្យបានឆាប់តាមតែអាចធ្វើបាន» បន្ទាប់ពីលោក ទើបតែសារភាពកាលពីប៉ុន្មានថ្ងៃមុនថា លោកពិតជាទទួលបានប្រាក់លើកទឹកចិត្ត ច្រើនហួសពីធម្មតាមែន។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei កាលពីថ្ងៃអាទិត្យ លោក Saikawa បានប្រាប់ពីចេតនាចង់ចុះចេញពីតួនាទី ដល់ថ្នាក់ដឹកនាំមួយចំនួនរបស់ Nissan ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលត្រូវចាក់ចេញ ឬក៏ឈ្មោះបុគ្គល ដែលអាចនឹងឡើងបន្តវេនពីលោកឡើយ។

គួរជម្រាបថា លោក Hiroto Saikawa បានក្លាយជានាយកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan កាលពីខែមេសា ឆ្នាំ២០១៧ ខណៈកាលនោះលោក ខាឡូស ហ្គោសន៍ (Carlos Ghosn) នៅជាប្រធានគណៈនាយករបស់ក្រុមហ៊ុន។ បើតាមលទ្ធផលការស៊ើបអង្កេតផ្ទៃក្នុង មួយនាពេលថ្មីៗនេះបានទម្លាយឲ្យដឹងថា លោក Saikawa ទទួលបានប្រាក់លើកទឹកចិត្ត ដល់ទៅរាប់សិបលានយេន លើសពីអ្វីដែលលោកត្រូវទទួលបាន៕