(វ៉ាស៊ីនតោន)៖ វែបសាយព័ត៌មានពាក់ព័ន្ធវិស័យការពារជាតិ Defense One បានរាយការណ៍ថា យោធាអាមេរិកកំពុងបន្តអភិវឌ្ឍន៍គ្រឿងយន្ត-រ៉ូបូត ឬមនុស្សយន្តសម្រាប់ធ្វើសង្រ្គាមនាពេលអនាគត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមវែបសាយ Defense One ការធ្វើតេស្តជាសម្ងាត់នៃគ្រឿងយន្តរ៉ូបូត សម្រាប់ធ្វើសង្រ្គាម កំពុងតែបន្តប្រព្រឹត្តទៅនៅកោះវ៉ាលឡូបស៍ (Wallops) រដ្ឋវើជីនៀ (Virginia) ដែលស្ថិតនៅក្រោមកម្មវិធីរបស់កងម៉ារីនអាមេរិកហៅថា ស៊ីម៉ប (Sea Mob) ខណៈការធ្វើតេស្តទាំងនោះគឺជាការបោះជំហានធំមួយ ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធសព្វាវុធ ដែលអាចមានបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រើប្រាស់នៅលើសមរភូមិនាថ្ងៃអនាគត។
គួរជម្រាបថា បើតាមអតីតអនុរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក រ៉ូប៊ឺត វើក (Robert Work) លោកទទួលស្គាល់ថា នៅអនាគតការប្រើប្រាស់គ្រឿងយន្តរ៉ូបូតនៅលើសមរភូមិ គឺជារឿងចាំបាច់ ប៉ុន្តែលោកក៏បានទទួលស្គាល់ការពិតដែរថា គ្រឿងយន្តទោះមានបញ្ញាសិប្បនិម្មិតក៏ដោយ ក៏អាចបង្កើតកំហុសឆ្គងដែរ។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ហេតុនេះហើយទើបត្រូវធ្វើតេស្តលើពួកវា ឲ្យផ្ចិតផ្ចង់ជាទីបំផុតដើម្បីអាចជឿជាក់បានថា គ្រឿងយន្តរ៉ូបូតទាំងនោះ នឹងធ្វើតាមអ្វីដែលវាត្រូវបានរចនាឡើងហើយសង្ឃឹមថា នឹងអាចបកស្រាយ អំពីមូលហេតុនៃការសម្រេចចិត្តរបស់ពួកវាថែមទៀតផង៕